បណ្ដាមេដឹកនាំសហភាពអឺរ៉ុប បានប្ដេជ្ញាយ៉ាងមុតមាំកាលពីថ្ងៃព្រហស្បតិ៍ (២០ មីនា) ថា ពួកគេនឹងបន្តគាំទ្រអ៊ុយក្រែន ប៉ុន្តែប្លុកនេះមិនធ្វើការសន្យាជាក់លាក់ច្បាស់លាស់អ្វីឡើយ ដោយពួកគេមិនបានគាំទ្រភ្លាមៗចំពោះការអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ឱ្យផ្តល់យ៉ាងហោចណាស់ ៥ពាន់លានអឺរ៉ូសម្រាប់ការទិញគ្រាប់កាំភ្លើងធំនោះទេ។
ប្រធានគោលនយោបាយការបរទេសរបស់ប្លុក លោកស្រី Kaja Kallas បានអំពាវនាវដល់មេដឹកនាំឱ្យគោរពការសន្យាគាំទ្រទីក្រុងគីវ ជាមួយនឹងពាក្យសម្ដី និងសកម្មភាពត្រូវតែស្មើដៃគ្នា ខណៈប្រធានាធិបតីអាមេរិក លោក Donald Trump ជំរុញការខិតខំប្រឹងប្រែងបញ្ចប់សង្រ្គាម រួមទាំងការងាកទៅខាងរុស្ស៊ីផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មេដឹកនាំសហភាពអឺរ៉ុបទាំងអស់ លើកលែងតែលោក Viktor Orban របស់ហុងគ្រី បានសន្យាថានឹង "បន្តផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រផ្នែកហិរញ្ញវត្ថុជាទៀងទាត់ និងអាចជឿជាក់បាន"។ ពួកគេក៏បាននិយាយផងដែរថា សមាជិកសហភាពអឺរ៉ុបគួរតែ "បង្កើនកិច្ចខិតខំប្រឹងប្រែងជាបន្ទាន់ ដើម្បីដោះស្រាយតម្រូវការផ្នែកយោធា និងការពារជាតិរបស់អ៊ុយក្រែន"។
មិនមានចម្លើយច្បាស់លាស់លើទឹកប្រាក់ ៥ពាន់លានអឺរ៉ូសម្រាប់ជំនួយអ៊ុយក្រែននោះទេ ប៉ុន្តែប្រធានកិច្ចប្រជុំកំពូល លោក Antonio Costa បាននិយាយថា សមាជិកសហភាពអឺរ៉ុប ធ្លាប់បានសន្យាផ្តល់ជំនួយ ១៥ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន រួចមកហើយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយលោកជឿជាក់ថា ពួកគេនឹងបង្កើនការសន្យាទាំងនោះបន្ថែមទៀត៕

