ការវាយប្រហារតាមអាកាសជាថ្មីរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីផ្អាកអរិភាពជិតពីរខែក្នុងបទឈប់បាញ់ដ៏ផុយស្រួយ បានរុញច្រានតំបន់ឆ្នេរសមុទ្រដ៏តូចចង្អៀតនេះឱ្យធ្លាក់ចូលកាន់តែជ្រៅទៅក្នុងជ្រោះដ៏ខ្មៅងងឹតនៃមហន្តរាយមនុស្សធម៌។

អ៊ីស្រាអែល បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងការទម្លាក់គ្រាប់បែកដ៏បង្ហូរឈាមរបស់ខ្លួននៅទូទាំងតំបន់ហ្កាហ្សា កាលពីព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ ហើយបានបន្តប្រតិបត្តិការជើងគោកឡើងវិញ ដោយតាំងពីពេលនោះមក មនុស្សរាប់រយនាក់បានស្លាប់។ អ៊ីស្រាអែលប្តេជ្ញាថានឹងបង្កើនការវាយលុក ប្រសិនបើក្រុមហាម៉ាសមិនដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលដែលនៅសេសសល់ទេនោះ។
ការវាយប្រហារតាមអាកាស និងប្រតិបត្តិការជើងគោកជាបន្តបន្ទាប់ បានបង្កើនការភ័យខ្លាចនៃការវិលត្រឡប់ទៅកាន់សង្រ្គាមទ្រង់ទ្រាយធំ ដែលស្ទើរតែបានបំផ្លាញដែនដីនេះទាំងស្រុង និងបានជម្លៀសប្រជាជនភាគច្រើនរបស់ខ្លួន ហើយបង្កមហន្តរាយមនុស្សធម៌ដ៏ធំ។
ចាប់តាំងពីជុំចុងក្រោយនៃអរិភាពបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០២៣ ប្រជាជននៅតំបន់ហ្កាហ្សា បានស៊ូទ្រាំលំបាកនឹងប្រព័ន្ធសុខភាពដែលទ្រុឌទ្រោម កង្វះថ្នាំពេទ្យ ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងកង្វះអាហាររួចមកហើយ ហើយពេលនេះ វិបត្តិមនុស្សធម៌កាន់តែអាក្រក់ខ្លាំងឡើង៕

