ឆ្នាំសិក្សាថ្មីបានចាប់ផ្តើមនៅប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែក្មេងស្រីត្រូវបានហាមឃាត់មិនឱ្យទៅសាលារៀនឲ្យលើសពីថ្នាក់ទី៦ឡើយ។ កាលពីថ្ងៃព្រហស្បតិ៍ សមាជិករដ្ឋាភិបាលបណ្តោះអាសន្នរបស់ក្រុមតាលីបង់ និងមន្ត្រីផ្សេងទៀត បានចូលរួមក្នុងពិធីចាប់ផ្តើមឆ្នាំសិក្សាថ្មីនៅវិទ្យាល័យមួយកន្លែងក្នុងរដ្ឋធានីកាប៊ុល។ វាជាថ្ងៃចាប់ផ្ដើមឆ្នាំសិក្សាថ្មី ដែលយោងទៅតាមប្រតិទិនជាប្រពៃណីរបស់ប្រទេស។
លោក Habibullah Agha រដ្ឋមន្ត្រីស្តីទីក្រសួងអប់រំ បានសង្កត់ធ្ងន់ថា លោកមានបំណងជំរុញការអប់រំដោយផ្អែកលើការបកស្រាយច្បាប់អ៊ីស្លាមរបស់ក្រុមតាលីបង់។ នៅក្នុងសុន្ទរកថា លោក Agha បាននិយាយថា ប្រធានបទមួយចំនួនគឺប្រឆាំងនឹងជំនឿសាសនាអ៊ីស្លាម ឬបទដ្ឋានរបស់ប្រទេស ដែលប្រធានបទទាំងនោះនឹងត្រូវលុបចេញពីកម្មវិធីសិក្សា។
ក្រុមតាលីបង់ បានចូលកាន់អំណាចជាថ្មីម្តងទៀតនៅឆ្នាំ២០២១។ ក្រុមនេះ បានហាមឃាត់ក្មេងស្រី និងស្ត្រី មិនឱ្យទទួលបានការសិក្សាអប់រំឲ្យលើសពីកម្រិតថ្នាក់បឋមសិក្សាឡើយ។ ក្រុមតាលីបង់ បានលើកលែង និងអនុញ្ញាតឱ្យស្ត្រីចូលរៀននៅវិទ្យាស្ថានបណ្តុះបណ្តាលវេជ្ជសាស្រ្តរហូតដល់ខែធ្នូ ឆ្នាំមុន។ ប៉ុន្តែក្រុមនេះ បានហាមនិស្សិតស្រី មិនឲ្យចូលរៀននៅវិទ្យាស្ថាននេះ ចាប់តាំងពីពេលនោះមក។
អង្គការសហប្រជាជាតិ និយាយថា ក្មេងស្រីយ៉ាងហោចណាស់១,៤លាននាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានបដិសេធមិនឲ្យចូលរៀននៅសាលាមធ្យមសិក្សា ចាប់តាំងពីក្រុមតាលីបង់ ដណ្តើមបានអំណាចមកវិញ។