សារព័ត៌មាន Financial Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសមហាអំណាចយោធាធំបំផុតនៅអឺរ៉ុប កំពុងបង្កើតផែនការដើម្បីទទួលបន្ទុកការទទួលខុសត្រូវបន្ថែមទៀតសម្រាប់វិស័យការពារជាតិរបស់ទ្វីបនេះ ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកបន្តិចម្តងៗលើសហរដ្ឋអាមេរិក។
ដោយព្រួយបារម្ភពីការគំរាមកំហែងដដែលៗរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងការធ្វើឲ្យចុះខ្សោយ ឬចាកចេញពីសម្ព័ន្ធយោធាណាតូ ប្រទេសនានាដែលរួមមានចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងបណ្តាប្រទេសអឺរ៉ុបខាងជើង កំពុងបង្កើតសំណើផ្ទេរភារកិច្ចជាបណ្តើរៗ ក្នុងរយៈពេលពី៥ ទៅ១០ឆ្នាំ ខាងមុខ។
ផែនការ នៅក្នុងការពិភាក្សា «ក្រៅផ្លូវការ ប៉ុន្តែមានរចនាសម្ព័ន្ធ» នឹងរួមមានទាំងការបង្កើនការចំណាយលើវិស័យការពារជាតិរបស់អឺរ៉ុប និងការពង្រឹងសមត្ថភាពយោធា ដើម្បីបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឱ្យ ព្រមព្រៀងចំពោះការផ្លាស់ប្តូរដែលបានរៀបចំ។
ទោះបីជាមានការបង្កើនការចំណាយក៏ដោយ វាត្រូវបានប៉ាន់ប្រមាណថា អឺរ៉ុបនឹងត្រូវការពេលយ៉ាងហោចណាស់ពី៥ ទៅ១០ ឆ្នាំ ដើម្បីអភិវឌ្ឍសមត្ថភាពដែលត្រូវការដើម្បីជំនួសការរួមចំណែកច្រើនបំផុតរបស់សហរដ្ឋអាមេរិក ដោយមិនរាប់បញ្ចូលការទប់ស្កាត់នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។


