មេដឹកនាំក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរ្វ៉ាន់ដា នៅភាគខាងកើតកុងហ្គោ បានច្រានចោលការអំពាវនាវឱ្យមានបទឈប់បាញ់ពីមេដឹកនាំកុងហ្គោ និងរ្វ៉ាន់ ដោយនិយាយកាលពីថ្ងៃព្រហស្បតិ៍ (២០ មីនា) ថា ការអំពាវនាវឈប់បាញ់ជាបន្ទាន់នោះ "មិនទាក់ទងនឹងកងកម្លាំងឧទ្ទាមទេ" ខណៈក្រុមនេះបានវាយរុញកាន់តែជ្រៅទៅក្នុងទឹកដីកុងហ្គោ និងវាយយកបានទីប្រជុំជនយុទ្ធសាស្ត្រ Walikale។

Walikale គឺជាតំបន់ភាគខាងលិចដ៏ឆ្ងាយបំផុតមួយដែលក្រុមឧទ្ទាមបានទៅដល់ ក្នុងការវាយរុលយ៉ាងលឿនរបស់ខ្លួន ដែលដណ្ដើមបានទីប្រជុំជនធំជាងគេចំនួនពីររួចមកហើយរបស់កុងហ្គោ ចាប់តាំងពីខែមករាមក។ អ្នកនាំពាក្យកងទ័ព និងប្រជាជនក្នុងតំបន់បាននិយាយថា ទីប្រជុំជនដែលមានមនុស្ស ១៥.០០០នាក់នេះ បានដួលរលំ បន្ទាប់ពីការប្រយុទ្ធគ្នាកាលពីថ្ងៃពុធរវាងក្រុមឧទ្ទាម និងកងទ័ព និងកងជីវពលសម្ព័ន្ធមិត្ត។
បន្ទាប់ពីកិច្ចប្រជុំរកសន្តិភាពកុងហ្គោ នៅប្រទេសកាតា ដោយមេដឹកនាំកុងហ្គោ និងសមភាគីរ្វ៉ាន់ដា លោក Corneille Nangaa ប្រធានក្រុមឧទ្ទាម M23 បានប្រាប់សារព័ត៌មានរ៉យទ័រថា "ជនជាតិកុងហ្គោជាអ្នកប្រយុទ្ធដើម្បីបុព្វហេតុ ហើយរឿងដែលកើតឡើងនៅទីក្រុងដូហា មិនពាក់ព័ន្ធនឹង M23 ទេ"។
មេដឹកនាំនៃសម្ព័ន្ធភាព M23 រូបនេះបានច្រានចោលការអំពាវនាវបទឈប់បាញ់ ហើយបាននិយាយថា កងកម្លាំងរបស់ខ្លួនមិនបានប្រយុទ្ធតាមការបញ្ជារបស់រ្វ៉ាន់ដាទេ។ អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលលោកខាងលិចបានចោទប្រកាន់ថា រ្វ៉ាន់ដាបាននិងកំពុងផ្តល់អាវុធ និងកងទ័ពដល់ពួកឧទ្ទាម M23 ដែលដឹកនាំដោយជនជាតិភាគតិចទូស៊ីមួយនេះ ប៉ុន្តែរ្វ៉ាន់ដាបដិសេធ៕

