អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មានគ្រប់ឱកាស ដើម្បីធានាថា អ៊ុយក្រែនបំពេញតាមកិច្ចព្រមព្រៀង ដែលសម្រេចបាន ជាមួយរុស្ស៊ី។
នៅពេលត្រូវបានសួរដោយទូរទស្សន៍ Channel One ថាតើនឹងមានអ្វីកើតឡើង ប្រសិនបើអ៊ុយក្រែន រំលោភម្តងទៀតនូវកិច្ចព្រមព្រៀងមិនវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល ហើយសហរដ្ឋអាមេរិក មិនអាចបញ្ឈប់ពួកគេបានទេ អ្នកការទូតបាននិយាយថា៖«ខ្ញុំគិតថា សហរដ្ឋអាមេរិក មានគ្រប់ឱកាស ដើម្បីធ្វើរឿងនេះ» ។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រី Zakharova សង្ស័យថា ទីក្រុងវ៉ាស៊ីនតោន នឹងមានហេតុផលណាមួយ មិនទាញយកប្រយោជន៍ពីឱកាសទាំងនេះ។
នាពេលមុននេះ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា បន្ទាប់ពីមានសម្រេចចិត្តរបស់ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន តាមការស្នើរបស់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ឈប់ការវាយប្រហារជាបណ្ដោះអាសន្នលើហេដ្ឋារចនាសម្ព័ន្ធថាមពលនោះ អ៊ុយក្រែនបានវាយប្រហារទីតាំងមួយ ក្នុងតំបន់ Krasnodar ជាមួយនឹងយានដ្រូនចំនួន ៣គ្រឿង។ ការវាយប្រហារនេះ បាន បណ្តាលឲ្យរថក្រោះមួយគ្រឿងផ្ទុះឆេះ។
ក្រសួងការពារជាតិ បានហៅការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ីថា ជាការបង្កហេតុ ដែលបានត្រៀមទុក «ក្នុងគោលបំណងបង្អាក់គំនិតផ្តួចផ្តើមសន្តិភាពរបស់ប្រធានាធិបតី អាមេរិក~។ ក្នុងពេលជាមួយគ្នានេះ បន្ទាប់ពីទទួលបានបញ្ជាពីអគ្គមេបញ្ជាការកំពូលកងទ័ពរបស់ខ្លួន ឲ្យបញ្ឈប់ការវាយប្រហារលើទីតាំងថាមពល កងទ័ពរុស្ស៊ី បានបាញ់ទម្លាក់យានដ្រូនចំនួន ៧គ្រឿង របស់ពួកគេ។