ទស្សនាវដ្ដី Le Point របស់បារាំង បានរាយការណ៍ដោយដកស្រង់ប្រភពក្នុងមជ្ឈដ្ឋានការទូតរបស់អ៊ីស្រាអែលថា អ៊ីរ៉ង់លែងមានប្រព័ន្ធការពារដែនអាកាសទៀតហើយ ហើយនឹងមិនអាចការពារខ្លួនបានទេ ក្នុងករណីមានការវាយប្រហាររបស់អ៊ីស្រាអែល ឬសហរដ្ឋអាមេរិក ទៅលើទីតាំងនុយក្លេអ៊ែររបស់ខ្លួននោះ។
ប្រភពរបស់ទស្សនាវដ្ដីនេះ បាននិយាយថា៖«បច្ចុប្បន្ននេះ អ៊ីរ៉ង់គ្មានសមត្ថភាពការពារដែនអាកាស នៅសេសសល់ទេ ដូច្នេះប្រទេសនេះ មិនអាចការពារខ្លួនបានទេ ក្នុងករណីមានការវាយប្រហារតាមអាកាសដោយអ៊ីស្រាអែល ឬសហរដ្ឋអាមេរិក»។
យោងតាមប្រភពនោះបានឲ្យដឹងថា អ៊ីស្រាអែលប្រឈមនឹង «ការគំរាមកំហែង» ពីអ៊ីរ៉ង់ «លើកម្រិតយុទ្ធសាស្ត្រ តំបន់ ឬកម្រិតភេរវកម្ម»។ អ្នកការទូតអ៊ីស្រាអែលដែលមិនបញ្ចេញឈ្មោះ បានបន្ថែមថា ក្នុងពេលជាមួយគ្នានេះ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារអ៊ីស្រាអែល ក្នុងខែតុលា ឆ្នាំ ២០២៣ «ហេដ្ឋារចនាសម្ព័ន្ធ [សន្តិសុខ] ទាំងមូលដែលអ៊ីរ៉ង់ បានចំណាយពេលសាងសង់ជាច្រើនឆ្នាំ បានដួលរលំ និងចុះខ្សោយគួរឲ្យកត់សម្គាល់»។
ប្រភពរបស់ទស្សនាវដ្តី Le Point នៅក្នុងមជ្ឈដ្ឋានការទូតអ៊ីរ៉ង់ បាននិយាយថា អ៊ីស្រាអែលកំពុងធ្វើ«យុទ្ធនាការ ដើម្បីធ្វើឲ្យប្រទេសនេះមានអស្ថិរភាព»។ ប្រភពបានបន្ថែមថា៖«អ៊ីស្រាអែល កំពុងព្យាយាមបង្កើតឲ្យមានភាពភ័យស្លន់ស្លោ ក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែប្រទេសរបស់យើង មិនមានការព្រួយបារម្ភនោះទេ។ អ៊ីស្រាអែល គឺជាប្រទេសតូចជាងអ៊ីរ៉ង់ ហើយតែងតែព្យាយាមបំផ្លាញពួកយើង»។