ប្រធានគោលនយោបាយការបរទេសអឺរ៉ុប លោកស្រី Kaja Kallas កាលពីថ្ងៃព្រហស្បតិ៍ (ទី២០ ខែមីនា) បានអំពាវនាវឲ្យរដ្ឋជាសមាជិករួបរួមទឹកប្រាក់ឲ្យបានចំនួន ៥ពាន់លានអឺរ៉ូ (៥,៤ពាន់លានដុល្លារ) ដើម្បីទិញគ្រាប់រំសេវផ្ដល់ឲ្យកងទ័ពអ៊ុយក្រែន ចំពេលមានការវិវត្តយ៉ាងឆាប់រហ័ស នៅក្នុងជម្លោះ បន្ទាប់ពីមានការចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។
លោកស្រី Kallas បានលើកឡើងថា មិនត្រឹមមានតែពាក្យសម្ដីប៉ុណ្ណោះទេ តែថែមទាំងទាមទារឲ្យមានសកម្មភាពផងដែរ ដើម្បីជួយអ៊ុយក្រែន ទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី ដូចដែលលោកស្រីបាននិយាយទៅកាន់បណ្ដាមេដឹកនាំសហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃព្រហស្បតិ៍។

ការអំពាវនាវរបស់លោកស្រី បានកើតមានឡើងនៅពេលដែល EU ប្រឈមមុខនឹងហានិភ័យពីការត្រូវបានដកចេញពីកិច្ចប្រឹងប្រែងបញ្ចប់សង្រ្គាម បន្ទាប់ពីមានការចរចារ ដែលត្រូវបានធ្វើឡើងតែរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ហើយសហរដ្ឋអាមេរិក និងអ៊ុយក្រែន។
ដើមឡើយ លោកស្រី Kallas បានបង្ហាញផែនការ ជុំវិញការប្តេជ្ញាចិត្តផ្ដល់ជំនួយយោធារបស់អឺរ៉ុប ដល់អ៊ុយក្រែនសរុបពីចំនួន ២០ពាន់លាន ទៅ ៤០ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំនេះ ប៉ុន្តែមិនបានទទួលការគាំទ្រគ្រប់គ្រាន់ ចំពោះកិច្ចការនេះពីរដ្ឋជាសមាជិកនោះទេ ដែលមួយផ្នែក គឺដោយសារតែបំណុលកម្រិតខ្ពស់ នៅក្នុងប្រទេសជាច្រើនរបស់ EU។
ពាក់ព័ន្ធនឹងកិច្ចពិភាក្សាកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky លោកស្រី Kallas បាននិយាយថា លោកស្រីកំពុងទន្ទឹងរង់ចាំស្តាប់បន្ថែមទៀតពីរូបលោក អំពីកិច្ចពិភាក្សានាពេលថ្មីៗនេះជាមួយប្រធានាធិបតីអាមេរិក Donald Trump។ លោកស្រីបានបន្ថែមថា លោកស្រីបានស្វាគមន៍យ៉ាងខ្លាំង ចំពោះការប្រកាសរបស់លោក Trump ដែលថា សហរដ្ឋអាមេរិកនឹងព្យាយាមទិញប្រព័ន្ធការពារដែនអាកាសបន្ថែម សម្រាប់អ៊ុយក្រែន ដោយលើកឡើងថា នេះគឺមានសារៈសំខាន់បំផុត៕

