ឧស្សាហកម្មការពារជាតិរបស់អ៊ឺរ៉ុប មានការបែកខ្ញែកគ្នាយ៉ាងខ្លាំង ដោយទីផ្សារត្រូវគ្របដណ្តប់ដោយក្រុមហ៊ុនធំៗមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងស៊ុយអែត ហើយសហគ្រាសធុនតូច និងមធ្យមជាង ២.៥០០ក្រុមហ៊ុន ជារឿយៗនាំឲ្យមានការផលិតជាន់គ្នា និងចម្លងគ្នា។
សមាជិកសភាអឺរ៉ុប លោក Riho Terras របស់ប្រទេសអេស្តូនី បានប្រាប់សារព័ត៌មាន Euronews ក្នុងបទសម្ភាសន៍មួយថា៖ «យើងកំពុងផលិតផលិតផលមានតម្លៃខ្ពស់ ប៉ុន្តែក្នុងបរិមាណតិចតួច។ អ្វីដែលយើងត្រូវការ គឺការមានទីផ្សារ ដែលផ្តល់បរិមាណគ្រាប់រំសេវចាំបាច់ មីស៊ីល និងឧបករណ៍ការពារជាតិផ្សេងៗទៀត»។

លោក Terras ដែលជាអនុប្រធានគណៈកម្មាធិការសន្តិសុខ និងការពារជាតិរបស់សភាអឺរ៉ុប បានបន្ថែមថា៖ «បណ្តាប្រទេសទាំងឡាយត្រូវតែបង្រួបបង្រួម និងរួមគ្នាទិញ ដោយផ្តល់ឱកាសឲ្យសហគ្រាសខ្នាតតូច និងមធ្យមធ្វើប្រតិបត្តិការស្មើភាពគ្នា នៅលើទីផ្សារ»។
គួរបញ្ជាក់ថា EU បានបង្កើនផលិតកម្មដល់ទៅ ៤ដង ចាប់តាំងពដ់មដំបូងនៃការលុកលុយផ្នែកយោធារបស់រុស្ស៊ីលើអ៊ុយក្រែន ប៉ុន្តែគ្មានរដ្ឋជាសមាជិកណាមួយ មានសមត្ថភាពពង្រីកទំហំឧស្សាហកម្មការពារជាតិអឺរ៉ុប និងប្រកួតប្រជែងជាមួយតួអង្គពិភពលោក ដូចជាសហរដ្ឋអាមេរិក និងប្រទេសចិនបានឡើយ។
ប្រធានគណៈកម្មាការ លោកស្រី Ursula von der Leyen ស្រមៃចង់បង្កើតទីផ្សារតែមួយពិតប្រាកដ សម្រាប់ផលិតផល និងសេវាកម្មការពារជាតិ នៅចុងបញ្ចប់នៃអាណត្តិរបស់លោកស្រី ដោយលើកកម្ពស់សមត្ថភាពផលិតកម្មរបស់អឺរ៉ុប ជំរុញផលិតកម្មរួមគ្នា និងកាត់បន្ថយភាពអាស្រ័យទៅលើប្រទេសទី៣។ តែទោះជាយ៉ាងណាក្ដី អ្នកខ្លះអះអាងថា ចក្ខុវិស័យនេះនឹងមិនសម្រេចបានដោយងាយស្រួលនោះឡើយ នៅត្រឹមឆ្នាំ២០២៩៕


