ឧស្សាហកម្មយានយន្តដែលកំពុងជួបការលំបាករបស់ប្រទេសអាល្លឺម៉ង់ បាននាំចេញរថយន្តកាន់តែច្រើនជាងឆ្នាំមុន សម្រាប់ឆ្នាំ២០២៤ ដែលភាគច្រើននៃរថយន្តទាំងនោះ គឺនាំចេញទៅកាន់សហរដ្ឋអាមេរិក ជាកន្លែងដែលលោកប្រធានាធិបតី Donald Trump គំរាមដំឡើងពន្ធថ្មី។
បើយោងតាមទិន្នន័យផ្លូវការពីការិយាល័យស្ថិតិសហព័ន្ធ បានបង្ហាញថា កាលពីឆ្នាំមុន អាល្លឺម៉ង់បាននាំចេញរថយន្តថ្មីចំនួន ៣,៤លានគ្រឿង ទូទាំងពិភពលោក ដែលមានតម្លៃ ១៣៥ពាន់លានអឺរ៉ូ (១៤៦ពាន់លានដុល្លារ)។ ការនាំចេញ បានកើនឡើង ២,៥ភាគរយ ក្នុងបរិមាណធៀបនឹងឆ្នាំមុន បើទោះបីជាតម្លៃនៃការនាំចេញ បានធ្លាក់ចុះបន្តិច ១,៣ភាគរយក៏ដោយ។
ការិយាល័យបានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជាគោលដៅធំជាងគេបំផុតនៃការនាំចេញរថយន្តថ្មីទាំងអស់ដោយកាន់កាប់ចំណែកទីផ្សារ ១៣,១ភាគរយ តាមពីក្រោយដោយចក្រភពអង់គ្លេស (១១,៣ភាគរយ) និងបារាំង (៧,៤ភាគរយ)។ ទន្ទឹមនឹងនេះដែរ អាល្លឺម៉ង់បាននាំចូលរថយន្តថ្មីចំនួន ១,៨លានគ្រឿង ក្នុងឆ្នាំ២០២៤ ពោលគឺធ្លាក់ចុះ ១១,៥ភាគរយ បើគិតពីបរិមាណ និង ១២,៨ភាគរយ បើគិតពីតម្លៃ។
ទិន្នន័យនេះត្រូវបានបញ្ចេញ បន្ទាប់ពីលោក Trump គំរាមដំឡើងពន្ធ ២៥ភាគរយលើរថយន្តដែលនាំចូលពីសហភាពអឺរ៉ុប (EU)។ លោកគ្រោងនឹងធ្វើសេចក្តីថ្លែងការណ៍ជាក់លាក់ អំពីវិធានការនេះ នៅដើមខែមេសា។ រហូតមកដល់ពេលនេះ ការនាំចូលរថយន្តពី EU ទៅកាន់សហរដ្ឋអាមេរិក ត្រូវបានយកពន្ធ ២,៥ភាគរយ។ ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក នឹងប៉ះពាល់ដល់ឧស្សាហកម្មរថយន្តដែលកំពុងជួបការលំបាករបស់អឺរ៉ុប ជាពិសេសក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់៕