ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី២០ ខែមីនា) បានឲ្យដឹងថា បុរសជនជាតិអាមេរិកម្នាក់ដែលត្រូវបានចាប់ពង្រត់ កាលពីជាង ២ឆ្នាំមុន អំឡុងពេលធ្វើដំណើរឆ្លងកាត់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងនាមជាអ្នកទេសចរ ត្រូវបានដោះលែងដោយក្រុមតាលីបង់ ក្នុងកិច្ចព្រមព្រៀងជាមួយរដ្ឋបាលរបស់លោក Donald Trump ដែលអ្នកចរចាកាតាបានជួយសម្របសម្រួល។
លោក George Glezmann ដែលជាមេកានិករបស់ក្រុមហ៊ុនអាកាសចរណ៍ទៅទីក្រុង Atlanta គឺជាអ្នកជាប់ឃុំជនជាតិអាមេរិកទី៣ ដែលត្រូវបានដោះលែងដោយក្រុមតាលីបង់ ចាប់តាំងពីខែមករា។ រូបលោកត្រូវបានចាប់ខ្លួនដោយសេវាស៊ើបការណ៍សម្ងាត់របស់តាលីបង់ ក្នុងខែធ្នូ ឆ្នាំ២០២២ ហើយត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកចាត់ទុកថា ជាការឃុំខ្លួនដោយខុសច្បាប់ នៅឆ្នាំបន្ទាប់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បាននិយាយថា លោក Glezmann កំពុងធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ដើម្បីជួបជុំជាមួយភរិយារបស់លោកឈ្មោះ Aleksandra ហើយបានពោលសរសើរកាតា ចំពោះការមាន «ការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងកិច្ចប្រឹងប្រែងការទូត» ដែលលោកបាននិយាយថា «ជាឧបករណ៍សំខាន់ ក្នុងការធានាដល់ការដោះលែងលោក George»។
លោក Rubio បានលើកឡើងថា៖ «ការដោះលែងលោក George គឺជាជំហានវិជ្ជមាន និងស្ថាបនា។ វាក៏ជាការរំលឹកផងដែរថា ជនជាតិអាមេរិកផ្សេងទៀត នៅតែត្រូវបានឃុំខ្លួន ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោកប្រធានាធិបតី Trump នឹងបន្តការងារមិនចេះនឿយហត់របស់លោក ដើម្បីផ្ដល់សសេរីភាពដល់ជនជាតិអាមេរិកទាំងអស់ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ នៅជុំវិញពិភពលោក»។
លោក Glezmann វ័យ ៦៦ឆ្នាំ កំពុងត្រូវបានអមដំណើរត្រលប់ទៅសហរដ្ឋអាមេរិកវិញ តាមរយៈរដ្ឋធានីដូហារបស់ប្រទេសកាតា ដោយលោក Adam Boehler ដែលទទួលបន្ទុកដោះស្រាយបញ្ហាចំណាប់ថ្នូរ ឬអ្នកជាប់ឃុំ សម្រាប់រដ្ឋបាលរបស់លោកប្រធានាធិបតី Trump៕