រដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដែសនិយាយថា ខ្លួនមិនមានគម្រោងហាមឃាត់គណបក្សនយោបាយរបស់នាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញពីតំណែងលោកស្រី Sheikh Hasina ដោយធ្វើឲ្យគណបក្សនេះ មានជម្លោះជាមួយក្រុមបដិវត្តន៍និស្សិត ដែលបានផ្តួលរំលំលោកស្រី នៅក្នុងការបះបោរកាលពីឆ្នាំមុន។
គណបក្សសម្ព័ន្ធ Awami របស់លោកស្រី Hasina ត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សយ៉ាងទូលំទូលាយ ក្នុងអំឡុងពេលកាន់តំណែងរយៈពេល ១៥ឆ្នាំ របស់លោកស្រី រួមទាំងការបង្រ្កាបដោយហិង្សាលើចលនាតវ៉ា កាលពីឆ្នាំមុន ដែលបានសម្លាប់មនុស្សជាង ៨០០នាក់។
មេដឹកនាំនិស្សិតនៅតែសោកសៅចំពោះការស្លាប់របស់សមមិត្តរបស់ពួកគេ បានទាមទារឲ្យគណបក្សដែលដើរតួយ៉ាងសំខាន់ ក្នុងសង្គ្រាមឯករាជ្យឆ្នាំ ១៩៧១ ដ៏បង្ហូរឈាមរបស់ប្រទេសបង់ក្លាដែស ក្រោមការដឹកនាំរបស់ឪពុកលោកស្រី Hasina ត្រូវបានហាមឃាត់។
ប៉ុន្តែ ម្ចាស់ជ័យលាភីណូបែល លោក Muhammad Yunus ដែលជាមេដឹកនាំពិតប្រាកដនៃរដ្ឋាភិបាលចាំផ្ទះ ដែលបានចូលកាន់តំណែង បន្ទាប់ពីការផ្តួលរំលំលោកស្រី បាននិយាយថា ខ្លួនមិនមានបំណងធ្វើដូច្នេះទេ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា៖« លោកសាស្រ្តាចារ្យ Yunus បាននិយាយថា រដ្ឋាភិបាលបណ្តោះអាសន្ន មិនមានគម្រោងហាមឃាត់គណបក្សនេះទេ»។