របាយការណ៍ថ្មីមួយរបស់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងនៅថ្ងៃសុក្រនេះ ថា ប្រទេសរុស្ស៊ី បានធ្វើឲ្យមានការឈឺចាប់ដែលមិនអាចនឹកស្មានដល់លើកុមារអ៊ុយក្រែនរាប់លាននាក់ និងបានរំលោភសិទ្ធិរបស់ពួកគេ ចាប់តាំងពីការលុកលុយយ៉ាងពេញលេញលើអ៊ុយក្រែន បានចាប់ផ្តើម នៅឆ្នាំ ២០២២។
ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Turk បានថ្លែងថា៖«សិទ្ធិរបស់ពួកគេ ត្រូវបានបំផ្លាញ នៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិត ដោយបន្សល់ទុកនូវស្លាកស្នាមយ៉ាងធ្ងន់ធ្ងរ ទាំងផ្លូវកាយនិងផ្លូវចិត្ត»។
បេសកកម្មរុស្ស៊ីនៅទីក្រុងហ្សឺណែវនៃប្រទេសស៊្វីស មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ នៅពេលទាក់ទងដោយទីភ្នាក់ងារសារព័ត៌មានទេ។
របាយការណនោះ បានបញ្ជាក់ថា៖«នៅក្នុងតំបន់ចំនួន ៤នៃប្រទេសអ៊ុយក្រែន ដែលត្រូវបានដាក់ជាឧបសម្ព័ន្ធ ដោយសហព័ន្ធរុស្ស៊ីដោយខុសច្បាប់ ក្នុងឆ្នាំ ២០២២ កុមារត្រូវបានរងផលប៉ះពាល់ជាពិសេសដោយការរំលោភលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ... រួមទាំងការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការឃុំឃាំងដោយបំពាន អំពើហិង្សាផ្លូវភេទដែលទាក់ទងនឹងជម្លោះ ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញ។
ក្មេងប្រុស ៥នាក់ និងក្មេងស្រី ២នាក់ ត្រូវបានសម្លាប់ក្រៅប្រព័ន្ធតុលាការ ក្នុងឆ្នាំ ២០២២ និង ២០២៣ ដែលរបាយការណ៍បានបញ្ជាក់ថា ការសម្លាប់ជនស៊ីវិលដោយចេតនា គឺជាឧក្រិដ្ឋកម្មសង្រ្គាម និងជាការបំពានយ៉ាងធ្ងន់ធ្ងរនៃអនុសញ្ញាទីក្រុងហ្សឺណែវ។