អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី២១ ខែមីនា) នេះ បានឲ្យដឹងថា ឆ្នាំ២០២៤ គឺជាឆ្នាំដែលមានអ្នកស្លាប់ច្រើនបំផុត សម្រាប់ជនអន្តោប្រវេសន៍ ដែលមនុស្សជិត ៩.០០០នាក់ បានបាត់បង់ជីវិត នៅទូទាំងពិភពលោក ដោយឲ្យឈ្មោះការបាត់បង់នេះថា ជា «សោកនាដកម្មដែលមិនអាចទទួលយកបាន និងអាចទប់ស្កាត់បាន»។
ទីភ្នាក់ងារទទួលបន្ទុកជនអន្តោប្រវេសន៍របស់ UN បានឲ្យដឹងថា៖ «យ៉ាងហោចណាស់មនុស្ស ៨.៩៣៨នាក់ បានបាត់បង់ជីវិត ពេលកំពុងធ្វើដំណើរ នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៤ ជាឆ្នាំទី៥ ដែលចំនួនអ្នកស្លាប់ បានឈានដល់កម្រិតខ្ពស់បំផុត»។

លោកស្រី Ugochi Daniels នាយករងនៃអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានប្រាប់ថា៖ «សោកនាដកម្មនៃការកើនឡើងនូវចំនួនអ្នកស្លាប់ សម្រាប់ជនអន្តោប្រវេសន៍ នៅទូទាំងពិភពលោក គឺមិនអាចទទួលយកបាន និងអាចទប់ស្កាត់បាន»។
IOM បានបន្តឲ្យដឹងទៀតថា៖ «ចំនួនពិតប្រាកដនៃការស្លាប់ និងការបាត់ខ្លួនរបស់ជនអន្តោប្រវេសន៍ ទំនងជាមានច្រើនជាងនេះ ខណៈមនុស្សជាច្រើននាក់មិនមានឯកសារ ដោយសារតែកង្វះខាតប្រភពផ្លូវការ»។ ទីភ្នាក់ងារនេះ បានបន្ថែមថា អត្តសញ្ញាណ និងព័ត៌មានលម្អិតផ្សេងទៀតនៃជនរងគ្រោះ ភាគច្រើនមិនត្រូវបានស្គាល់នោះទេ។
ហើយបើតាម IOM ដដែល បានឲ្យដឹងថា ទ្វីបអាស៊ី អាហ្រ្វិក និងអឺរ៉ុប មានចំនួនមនុស្សស្លាប់ខ្ពស់បំផុត ក្នុងឆ្នាំ២០២៤ ដែលមានចំនួន ២.៧៧៨នាក់ ២.២៤២នាក់ និង ២៣៣នាក់ រៀងគ្នា។ ទីភ្នាក់ងារនេះ បានបន្ថែមថា មនុស្សសរុបចំនួន ២.៤៥២នាក់ ត្រូវបានកត់ត្រាថា ស្លាប់នៅក្នុងសមុទ្រមេឌីទែរ៉ាណេ ដែលជាច្រកដ៏សំខាន់សម្រាប់អ្នកដែលព្យាយាមធ្វើដំណើរចូលទៅកាន់តំបន់អឺរ៉ុប៕

