មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃសុក្រ (ទី២១ ខែមីនា) បាននិយាយថា ទីក្រុងតេអេរ៉ង់ មិនត្រូវការមានសង្គ្រាមតំណាង (ប្រូកស៊ី) ក្នុងតំបន់នោះទេ ហើយថា ក្រុមហ៊ួទីរបស់ប្រទេសយេម៉ែន ដែលស្ថិតក្នុងចំណោមក្រុមសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង នៅមជ្ឈិមបូព៌ានោះ ធ្វើប្រតិបត្តិការ ដោយមានហេតុជំរុញចិត្តរបស់ពួកគេផ្ទាល់។
សូមរំលឹកថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងឲ្យអ៊ីរ៉ង់ទទួលខុសត្រូវ ចំពោះការវាយប្រហារណាមួយដែលធ្វើឡើងដោយក្រុមហ៊ូទី ខណៈដែលរដ្ឋបាលរបស់លោក បានពង្រីកប្រតិបត្តិការយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីលោកបានវិលត្រលប់ទៅកាន់សេតវិមាន។
ប៉ុន្មានឆ្នាំមកនេះ អ៊ីរ៉ង់ត្រូវបានបន្តមានសម្ព័នភាបជាមួយក្រុមនានា នៅទូទាំងតំបន់ ដែលហៅខ្លួនឯងថា ជា «ចលនាតស៊ូអាក់ស៊ីស» ប្រឆាំងនឹងឥទ្ធិពលរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ ក្រុមទាំងនោះ រួមមានក្រុមហាម៉ាស ក្រុមហេសបូឡារបស់លីបង់ និងក្រុមប្រដាប់អាវុធស៊ីអ៊ីតផ្សេងទៀត នៅប្រទេសអ៊ីរ៉ាក់។
លោក Khamenei បានលើកឡើងថា ជនជាតិអាមេរិក «បង្កើតកំហុសដ៏ធំមួយ ហើយហៅមជ្ឈមណ្ឌលតស៊ូក្នុងតំបន់ថា សង្គ្រាមតំណាងរបស់អ៊ីរ៉ង់។ តើសង្គ្រាមតំណាងមានន័យយ៉ាងណា?»។ លោក Khamenei បានបន្តថា៖ «ប្រជាជាតិយេម៉ែន មានហេតុជំរុញចិត្តដោយផ្ទាល់ខ្លួនរបស់ពួកគេ ហើយក្រុមតស៊ូ ក្នុងតំបន់មានហេតុជំរុញចិត្តរៀងៗខ្លួន។ អ៊ីរ៉ង់មិនត្រូវការក្រុមធ្វើសង្គ្រាមតំណាងនោះទេ»។
ហើយជាមួយគ្នានេះ លោក Khamenei ក៏បានសង្កត់ធ្ងន់ដែរថា៖ «ពួកគេចេញការគំរាមកំហែង ហើយ «ពួកយើងមិនដែលចាប់ផ្តើមការប្រឈមមុខដាក់គ្នា ឬជម្លោះជាមួយនរណាម្នាក់ឡើយ។ តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើនរណាម្នាក់ប្រព្រឹត្តអាក្រក់ ហើយផ្តួចផ្តើមអំពើមិនល្អនោះមកលើពួកយើង ពួកគេនឹងទទួលផលតបវិញយ៉ាងធ្ងន់ធ្ងរ»៕