កងកម្លាំងសន្តិសុខនៅរដ្ឋភាគខាងកើត Chhattisgarh ប្រទេសឥណ្ឌា បានសម្លាប់ក្រុមម៉ៅនិយមយ៉ាងហោច ៣០នាក់ អំឡុងការប៉ះទង្គិចគ្នាកាលពីថ្ងៃព្រហស្បតិ៍ ។ ការផ្ទុះអាវុធ បានចាប់ផ្តើមនាព្រឹកថ្ងៃព្រហស្បតិ៍ នៅស្រុក Bijapur និងស្រុក Kanker ។
មន្រ្តីនគរបាលជាន់ខ្ពស់មួយរូប និយាយពីគ្រោះថ្នាក់នៅស្រុក Bijapur ថា ក្រោយការពើបប្រទះ សាកសពក្រុមម៉ៅនិយម ២៦នាក់ ត្រូវបានរកឃើញអំឡុងពេលរុករក ខណៈដែលសាកសពមនុស្ស ៤នាក់ផ្សេងទៀត ត្រូវបានរកឃើញនៅស្រុក Kanker ។ ចំណែកឯទាហានម្នាក់ ត្រូវបានសម្លាប់ផងដែរនៅក្នុងការប៉ះទង្គិចគ្នានេះ ។
អាវុធដ៏ច្រើនដើម រួមទាំងកំាភ្លើង AK-47 កាំភ្លើង SLRs ហើយនិងអាវុធទំនើបផ្សេងទៀត ត្រូវបានរកឃើញនៅកន្លែងប៉ះទង្គិចគ្នា ។
រដ្ឋ Chhattisgarh និងរដ្ឋជិតខាងស្ថិតនៅភាគកណ្តាល និងភាគខាងកើតប្រទេសឥណ្ឌា បានរងផលប៉ះពាល់ដោយសារការបះបោរអស់រយៈពេលច្រើនទសវត្សរ៍មកហើយរបស់ក្រុមឧទ្ទាមម៉ៅនិយម បើទោះបីជាតំបន់ដែលពួកគេប្រតិបត្តិការ ត្រូវបានកាត់បន្ថយច្រើនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះក៏ដោយ ។
ក្រុមម៉ៅនិយម និយាយថា ពួកគេធ្វើសង្រ្គាម ដើម្បីធ្វើឲ្យកសិករឥណ្ឌាក្រីក្រ និងគ្មានដី ផ្ទះសម្បែង ទទួលបានការគ្រប់គ្រងដីធ្លីរបស់ពួកគេ ក៏ដូចជាដណ្តើមយករ៉ែដែលបច្ចុប្បន្នត្រូវបានធ្វើអាជីវកម្មដោយក្រុមហ៊ុនរ៉ែធំៗជាច្រើន ៕