ភ្នំពេញ៖ក្រសួងទេសចរណ៍កម្ពុជា នៅចំពោះមុខរដ្ឋមន្ត្រីគមនាគមន៍ថៃ បានបង្ហាញនូវការគាំទ្រ និងជំរុញឲ្យមានជើងយន្តហោះដោយត្រង់មកកាន់កម្ពុជា ដើម្បីពង្រឹងវិស័យទេសចរណ៍ និងសេដ្ឋកិច្ច នៃប្រទេសពីរឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ខណៈការហោះហើរបច្ចុប្បន្នមានកម្រិតនៅឡើយនោះ ។
ក្នុងជំនួបជាមួយឯកឧត្តម សក្តិស្យាម ឈីតឆប រដ្ឋមន្ត្រីក្រសួងគមនាគមន៍ថៃ កាលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ឯកឧត្តម សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ពលរដ្ឋកម្ពុជា-ថៃ គឺបានបង្កើនទំនុកចិត្ត និងភាពជឿជាក់ដល់ភ្ញៀវទេសចរ ជាពិសេសការពង្រឹងវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរឡើងថែមទៀតសម្រាប់ប្រទេសទាំងពីរ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសបើកច្រកព្រំដែនឡើងវិញរវាងប្រទេសកម្ពុជា-ថៃ ហើយក្រោយបើកឡើងវិញនេះឯកឧត្តមគាំទ្រឲ្យមានការហោះហើរបន្ថែម ទៀតពីខេត្តមួយចំនួនទៀតមកកម្ពុជាផងដែរ។
ឯកឧត្តមបានលើកឡើងថា «កម្ពុជាមានការគាំទ្រ ឱ្យមានការបើកការហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប (Low Cost Airline) ពីខេត្តបុរីរាំ និងសុរិន ទៅកាន់តំបន់ទេសចរណ៍នានានៅកម្ពុជា ខណៈអាជ្ញាធរនៃប្រទេសទាំងពីរមានបំណងរៀបចំបើកច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ជាបណ្តោះអាសន្ន គឺមុនការកសាងអគាររដ្ឋបាលឆ្លងកាត់ព្រំដែនថ្មី ដែលពុំទាន់បានសាងសង់រួចរាល់នៅឡើយនោះ»។
ជាមួយគ្នានោះ ឯកឧត្តម សក្តិស្យាម ឈីតឆប បានថ្លែងថា រាជរដ្ឋាភិបាលថៃ បានដាក់ចេញនូវគោលនយោបាយ និងភារកិច្ចជាចំបង គឺជំរុញការអភិវឌ្ឍ និងស្ថាបនាវិស័យគមនាគមន៍ ដែលជាផ្នែកមួយយ៉ាងសំខាន់ជាគ្រឹះសម្រាប់ស្តារ និងអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គម ដើម្បីលើកកម្រិតជីវភាពប្រជាពលរដ្ឋថៃឱ្យកាន់តែប្រសើរឡើង ។
ឯកឧត្តមបន្តថា ក្រៅពីនេះអាជ្ញាធរថៃ ក៏បានដាក់ទិសដៅសម្រាប់ការប្រឡងប្រជែងក្នុងប្រទេស ដើម្បីអភិវឌ្ឍវិស័យនេះ ជាអទិភាពទៀតផង ដោយឈរលើគោលការណ៍នេះ ក្រសួងគមនាគមន៍ថៃ កំពុងសិក្សា ដើម្បីសំដៅធ្វើយ៉ាងណាកសាងផ្លូវមេសំខាន់ៗ ជាពិសេសការតភ្ជាប់រវាងតំបន់ទីក្រុងជាមួយប្រព័ន្ធពង្រាងផែនទី (MR–Map) និងគម្រោងសាងសង់ស្ពានសេដ្ឋកិច្ចដែលផ្សារភ្ជាប់ជាមួយសមុទ្រអាន់ដាម៉ាន និងឈូងសមុទ្រថៃ ឬហៅថា ស្ពានដី (Land Bridge) ដែលគម្រោងនេះ នឹងឈានឆ្ពោះទៅដល់ការផ្សារភ្ជាប់ ក្នុងការដឹកជញ្ជូនជាមួយប្រទេសជិតខាង ដូចជាប្រទេសកម្ពុជាជាដើម ហើយគម្រោងនេះដែរក៏នឹងជួយបើកច្រកលើផ្នែកសេដ្ឋកិច្ច និងវិស័យទេសចរណ៍ក្នុងភូមិភាគរបស់ថៃ និងភ្ជាប់ជាមួយប្រទេសជិតខាងដូចជាកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត ៕
អត្ថបទ ៖ ចក់





