រូបភាពវីដេអូឃ្លីបពីព្រំប្រទល់ខេត្ត Punjab និងខេត្ត Haryana ប្រទេសឥណ្ឌា នៅថ្ងៃសុក្រនេះ ឃើញការធ្វើចរាចរណ៍តាមដងផ្លូវដែលកាលពីមុនត្រូវបានបិទដោយសារជំរំបង្កើតឡើងដោយក្រុមកសិករតវ៉ា ។
ការធ្វើចរាចរណ៍ ចាប់ផ្តើមដំណើរការឡើងវិញនៅតំបន់នោះ ក្រោយកាលពីថ្ងៃព្រហស្បតិ៍ នគរបាលឥណ្ឌា ប្រើប្រាស់គ្រឿងចក្រកម្ទេចចោលទីតាំងបាតុកម្ម ជាកន្លែងដែលក្រុមកសិករនាំគ្នាតវ៉ាអស់រយៈពេលជាង ១ឆ្នាំមកហើយ ដើម្បីទាមទារតម្លៃដំណាំខ្ពស់ជាងមុន ។
រូបភាពវីដេអូឃ្លីបឃើញផងដែរ ក្រុមកសិករមួយក្បាប់តូច បន្តជួបជុំគ្នានៅជិតកងកម្លាំងសន្តិសុខដែលកំពុងយាមកាមនៅទីនោះ ។
កសិករមួយចំនួនដែលពុំត្រូវបានឃាត់ខ្លួនដោយនគរបាល បានសន្យាមិនព្រមចាកចេញទៅកន្លែងផ្សេងឡើយ ហើយពួកគេនឹងបន្តតវ៉ានៅទីនេះ រហូតដល់មានវិធានការបន្ថែមទៀតពីរដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍ ។
ក្រុមកសិករបាននាំគ្នាបោះជំរំត្រង់ចំណុចព្រំប្រទល់រដ្ឋ ចាប់តាំងពីខែកុម្ភៈឆ្នាំមុនមកម្ល៉េះ ។ គណបក្សកាន់អំណាច Aam Aadmi របស់ខេត្ត Punjab ដែលបានអនុញ្ញាតឲ្យមានការបណ្តេញចេញនេះ និយាយថា ពួកគេឈរខាងក្រុមកសិករសម្រាប់ការទាមទាររបស់ពួកគេ ប៉ុន្តែសូមពួកគេយកពាក្យបណ្តឹងរបស់ពួកគេទៅកាន់រដ្ឋាភិបាលសហព័ន្ធ មិនត្រូវមកធ្វើបាតុកម្មបែបនេះឡើយ ។
សូមបញ្ជាក់ថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានលុបចោលច្បាប់កសិកម្មមួយចំនួន កាលពីឆ្នាំ ២០២១ ក្រោយការតវ៉ារយៈពេល ១ឆ្នាំ ដោយក្រុមកសិករ ពេលដែលពួកគេបោះជំរំនៅក្រៅទីក្រុងញូវ ដែល្លី ៕