សភាជាន់ខ្ពស់របស់ប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រ (ទី២១ ខែមីនា) បានអនុម័តកំណែទម្រង់ច្បាប់កម្ចីប្រាក់របស់ប្រទេស និងមូលនិធិចំនួន ៥០០ពាន់លានអឺរ៉ូ (៥៤២ពាន់លានដុល្លារ) ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យសេដ្ឋកិច្ចដ៏ធំជាងគេបំផុតរបស់អឺរ៉ុបមានភាពល្អប្រសើរឡើងវិញ។
វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបន្ធូរបន្ថយនូវអ្វីដែលគេហៅថា កម្រិតបំណុលខ្ពស់បំផុត ក៏អនុញ្ញាតឲ្យមានការចំណាយគ្មានដែនកំណត់ លើវិស័យការពារជាតិ និងសន្តិសុខផងដែរ។ សភាជាន់ខ្ពស់ដែលតំណាងឲ្យរដ្ឋចំនួន ១៦ របស់អាល្លឺម៉ង់ បានអនុម័តសេចក្ដីស្នើច្បាប់នេះ ដោយមានសំឡេងគាំទ្រភាគច្រើន ២ភាគ៣ បន្ទាប់ពីមានការបោះឆ្នោតកាលពីថ្ងៃអង្គារ (ទី១៨ ខែមីនា) នៅក្នុងសភាជាន់ទាប គឺ Bundestag។
ក្រុមអភិរក្សនិយម និងគណបក្ស SPD ដែលកំពុងពិភាក្សាគ្នា ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះកណ្តាលនិយម ក្រោយការបោះឆ្នោត កាលពីខែមុន បានធ្វើការ ដើម្បីឲ្យច្បាប់នេះទទួលបានការអនុម័ត តាមរយៈសភាជិតផុតអាណត្តិ ដោយភ័យខ្លាចថា វាអាចត្រូវបានរារាំងដោយសមាជិកសភាស្តាំនិយមជ្រុល និងឆ្វេងនិយមជ្រុល នៅក្នុងសភា Bundestag បន្ទាប់ ដែលត្រូវចាប់ផ្ដើមលេចរូបរាងឡើង ពីថ្ងៃទី២៥ ខែមីនា។
លោក Friedrich Merz ដែលកំពុងរង់ចាំចូលកាន់តំណែងអធិការបតី បាននិយាយការពារការដេញដោល ក្នុងតារាងពេលវេលាដ៏ស្ដួចស្ដើងបំផុតនេះ ពោលគឺជាអ្វីដែលបានធ្វើឲ្យគណបក្សប្រឆាំងខឹងសម្បា ដោយរូបលោកបានលើកឡើងពីស្ថានភាពភូមិសាស្ត្រនយោបាយដែលប្រែប្រួលយ៉ាងឆាប់រហ័ស៕