កម្ពុជាពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យ និងនីតិវិធីចុះបញ្ជីគម្រោងវិនិយោគនៅថ្នាក់ក្រោមជាតិ តាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ជំរុញភាពប្រទាក់ក្រឡា និងមានសង្គតិភាពនៃលំហូរការងារ ពីថ្នាក់ ជាតិដល់ថ្នាក់ក្រោមជាតិ។

លោក បូរ៉ាត មុនីរ័តន៍ តំណាង ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី២០ ខែ មីនា ឆ្នាំ២០២៥ នេះ បានដឹកនាំកិច្ចប្រជុំបន្ត ពីកិច្ចប្រជុំលើកទី១ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ ដើម្បីពិនិត្យវឌ្ឍនភាពការងារតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យ និងនីតិវិធីចុះបញ្ជីគម្រោង វិនិយោគនៅថ្នាក់ក្រោម ជាតិ តាមប្រព័ន្ធ cdcIPM រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងមហាផ្ទៃ។

គួររម្លឹកដែរថា កិច្ចការងារនេះអនុវត្តស្របតាមស្មារតីកិច្ចប្រជុំកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីធានាបាននូវភាពធន់ និងចីរភាព នៃការរៀបចំយន្តការប្រទាក់ ក្រឡា និងមានសង្គតិភាពនៃលំហូរការងារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់គ្រងការចុះបញ្ជី និងការត្រួតពិនិត្យតាម ដានការអនុវត្តគម្រោងវិនិយោគ។

បន្ថែមពីនោះ កិច្ចការនេះជាទិសដៅដែលបានដាក់ចេញដោយ សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធាន ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ក្នុងកិច្ចប្រជុំផ្លូវការលើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៤ លើការអនុវត្តឱ្យបានពេញ លេញ លើការប្រើប្រាស់ប្រព័ន្ធ cdcIPM ទាំងនៅក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ក្រោមជាតិ តាមរយៈអនុគណៈកម្មាធិការ វិនិយោគរាជធានី-ខេត្ត នឹងឈានទៅរៀបចំការបណ្តុះបណ្តាល និងអនុវត្តសាកល្បងនៅត្រីមាសទី២ ដើម្បជាមូលដ្ឋានឆ្ពោះទៅដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនៅត្រីមាសទី៣ ឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី






