អ្នកពន្លត់អគ្គិភ័យ នៅទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស កំពុងធ្វើការជាមួយនគរបាល ដើម្បីស៊ើបអង្កេតពីមូលហេតុនៃអគ្គិភ័យដ៏ធំ នៅឯអនុស្ថានីយអគ្គិសនី ដែលហេតុការណ៍នោះបាននាំឲ្យអាកាសយានដ្ឋាន Heathrow ត្រូវបានបិទ នៅថ្ងៃសុក្រ (ទី២១ ខែមីនា) នេះ។
អណ្តាតភ្លើងពណ៌ទឹកក្រូចដ៏សន្ធោសន្ធៅ និងផ្សែងពណ៌ខ្មៅ បានបាញ់ទៅលើមេឃ នៅម៉ោងប្រហែល ១១យប់ ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ២៣ ម៉ោងសកល) កាលពីថ្ងៃព្រហស្បតិ៍ (ទី២០ ខែមីនា) ខណៈដែលចំហេះនេះ បានឆាបឆេះអនុស្ថានីយ។

លោកស្នងការរង Jonathan Smith នៃកងពន្លត់អគ្គិភ័យទីក្រុងឡុងដ្រ៍ បាននិយាយថា៖ «អគ្គិភ័យនេះជាប់ពាក់ព័ន្ធនឹងម៉ាស៊ីនបំប្លែងដែលមានប្រេងបញ្ចុះកម្ដៅចំនួន ២៥.០០០លីត្រកំពុងឆេះទាំងស្រុង។ ហេតុការណ៍នេះ បានបង្កើតគ្រោះថ្នាក់ដ៏ធំមួយ ដោយសារឧបករណ៍តង់ស្យុងខ្ពស់នៅតែសកម្មនៅឡើយ»។
ហេតុកាណ៍នោះ បានបង្ខំឲ្យ Heathrow ដែលជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់អឺរ៉ុប ត្រូវបិទ ដោយរំខានដល់កាលវិភាគហោះហើរ ជុំវិញពិភពលោក និងជំរុញឲ្យមានការរំពឹងទុកអំពីអ្វីដែលបណ្តាលឲ្យមានចំហេះនេះ។ រដ្ឋមន្ត្រីថាមពលអង់គ្លេស លោក Ed Miliband បាននិយាយព្រឹកថ្ងៃសុក្រនេះថា មិនមានការចង្អុលបង្ហាញណាមួយ ដែលថា មានសកម្មភាពខិលខូច ជាប់ពាក់ព័ន្ធនឹងហេតុការណ៍នោះឡើយ។
នៅពេលត្រូវបានសួរថា តើនគរបាលកំពុងស៊ើបអង្កេតរកមូលហេតុនៃអគ្គិភ័យនេះថា ជាឧបទ្ទវហេតុភេរវកម្មដែរ ឬអត់នោះ លោក Smith បាននិយាយថា លោកមិនអាចធ្វើអត្ថាធិប្បាយអ្វីបានឡើយ។ លោកគ្រាន់តែប្រាប់ថា៖ «អ្វីដែលខ្ញុំអាចនិយាយបាន គឺនគរបាលក្រុងកំពុងស៊ើបអង្កេតពីមូលហេតុនៃអគ្គិភ័យនេះ ដែលអាចចូលរួមសហការដោយមន្ត្រីស៊ើបអង្កេតអគ្គិភ័យរបស់យើង»៕

