ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្រ្ទីប បានបន្តចូលដល់ថ្ងៃទី ៤ ពេលដែលកងទ័ពជើងគោករបស់ពួកគេ វាយប្រហារចូលទៅកាន់តំបន់ភាគខាងត្បូង និងតំបន់ភាគខាងជើងដែនដីបិទច្រកមួយនេះ ហើយរដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលលោក Israel Katz បានគំរាមដាក់បញ្ចូលតំបន់មួយនេះ ជាឧបសម្ព័ន្ធរបស់ខ្លួន ។
លោក Katz និយាយនៅថ្ងៃសុក្រនេះ កងទ័ពកំពុងបង្កើនការវាយប្រហារតាមច្រកអាកាស ជើងគោក និងតាមសមុទ្រលើតំបន់ហ្កាហ្សា ដើម្បីដាក់សំពាធក្រុមហាម៉ាស់ ដោះលែងចំណាប់ថ្នូរសេសសល់ ហើយនិងជម្លៀសជនស៊ីវិលទៅកាន់តំបន់ភាគខាងត្បូងនៃដែនដីបិទច្រកមួយនេះផងដែរ ក៏ដូចជាអនុវត្តន៍តាមផែនការអន្តោប្រវេសន៍ស្ម័គ្រចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump សម្រាប់ពលរដ្ឋហ្កាហ្សា ។
លោកនិយាយថា បើសិនជាចំណាប់ថ្នូរមិនត្រូវបានដោះលែងទេនោះ អ៊ីស្រាអែលនឹងបន្តការងារ ដើម្បីយកដែនដីមួយនេះកាន់តែច្រើន ដើម្បីគ្រប់គ្រងអចិន្រ្តៃយ៍តែម្តង ។
ការប្រកាសបែបនេះ បានកើតមានឡើង ក្រោយទាហានអីស្រាអែលវាយលុកតំបន់ Shaboura របស់ទីក្រុង Rafah ដែលជាទីក្រុងស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ជិតព្រំដែនអេហ្ស៊ីប ហើយនិងទីក្រុង Beit Lahiya ស្ថិតនៅភាគខាងជើង កាលពីយប់ថ្ងៃព្រហស្បតិ៍ ។
នៅដើមសប្តាហ៍នេះ អ៊ីស្រាអែល និយាយថា ពួកគេបានបិទផ្លូវសំខាន់ៗនៅផ្នែកខាងជើង និងផ្នែកខាងត្បូងនៅតំបន់ហ្កាហ្សា ដែលជាយន្តការមួយនៃការពង្រីកប្រតិបត្តិការជើងគោករបស់ពួកគេ ៕