វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី២១ ខែមីនា) នេះ បានលើកឡើងថា ប្រទេសអ៊ីរ៉ង់មានសិទ្ធិទទួលបានថាមពលបរមាណូដោយសន្តិវិធី និងកំពុងចាត់វិធានការស្របតាមច្បាប់អន្តរជាតិ ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល រៀបចំកិច្ចពិភាក្សាកម្រិតខ្ពស់ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ នាសប្តាហ៍ក្រោយ។
រុស្ស៊ីបានប្រាប់ថា ខ្លួនត្រៀមរួចជាស្រេចហើយ ក្នុងការជួយសម្របសម្រួល រវាងអ៊ីរ៉ង់ដែលខ្លួនបានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រ កាលខែមករា ដោយក្នុងនោះរួមមានទាំងកិច្ចសហប្រតិបត្តិការការពារជាតិកាន់តែជិតស្និទ្ធផងដែរនោះ និងរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលខ្លួនកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ដើម្បីកែលម្អទំនាក់ទំនងឲ្យកាន់តែប្រសើរ។
អ៊ីរ៉ង់គឺជាប្រធានបទមួយ ក្នុងចំណោមប្រធានបទដែលត្រូវបានពិភាក្សា អំឡុងពេលជជែកតាមទូរសព្ទក្នុងរយៈពេលដ៏យូរ រវាងលោក Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ ជាជំនួបដែលសេតវិមាន បានប្រាប់ថា មេដឹកនាំទាំង២ «បានចែករំលែកនូវទស្សនៈ ដែលថា អ៊ីរ៉ង់មិនគួរស្ថិតនៅក្នុងទីតាំងមួយ ដើម្បីបំផ្លាញអ៊ីស្រាអែលនោះឡើយ»។
នៅឯសន្និសីទសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ត្រូវបានសួរថា តើរុស្ស៊ីនឹងឆ្លើយតបយ៉ាងដូចម្តេច ប្រសិនបើសហរដ្ឋអាមេរិក ឬអ៊ីស្រាអែល ងាកទៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោក Peskov បាននិយាយថា៖ «យើងជឿជាក់ថា បញ្ហានៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គួរតែត្រូវបានដោះស្រាយទាំងស្រុង ដោយមធ្យោបាយនយោបាយ និងការទូតដោយសន្តិវិធី ហើយយើងជឿជាក់ថា អ្វីគ្រប់យ៉ាងដែលចាំបាច់ គឺមានអស់ហើយ ដើម្បីដោះស្រាយបញ្ហានេះ។ អ្វីទាំងអស់ដែលត្រូវការ គឺឆន្ទៈនយោបាយ»។
លោកបានបន្តថា៖ «ហើយម៉្យាងទៀត អ៊ីរ៉ង់ ក៏ដូចប្រទេសដទៃទៀតដែរ មានសិទ្ធិអភិវឌ្ឍវិស័យបរមាណូដោយសន្តិវិធី ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី ហើយកំពុងចាត់វិធានការសំខាន់ៗ ដើម្បីឆ្ពោះទៅរកទិសដៅនេះ។ ហើយអ្វីៗទាំងអស់នេះ កំពុងកើតឡើងស្របតាមច្បាប់អន្តរជាតិដ៏តឹងរ៉ឹង»។
លោកបានកត់សម្គាល់ថា ទីក្រុងមូស្គូ បានទទួលយកសេចក្តីថ្លែងការណ៍ម្ដងហើយម្ដងទៀតរបស់អ៊ីរ៉ង់ ដែលថា ប្រទេសនេះគ្មានចេតនាផលិតអាវុធនុយក្លេអ៊ែរនោះទេ៕