តុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានបដិសេធមិនផ្អាកចំពោះការចេញសេចក្តីសម្រេចរបស់ចៅក្រមដែលតម្រូវឱ្យរដ្ឋបាល លោក Trump អនុញ្ញាតឲ្យបុគ្គលិក២៥.០០០នាក់ ត្រឡប់ចូលមកធ្វើការវិញ នៅទីភ្នាក់ងារសហព័ន្ធចំនួន១៨ទីភ្នាក់ងារ ជាអ្នកដែលបានបាត់បង់ការងាររបស់ពួកគេ ជាផ្នែកមួយនៃការកាត់រំសាយកម្លាំងពលកម្មសហព័ន្ធរបស់ប្រធានាធិបតីគណបក្សសាធារណរដ្ឋ។
គណៈកម្មការនៅទីក្រុង Richmond នៃតុលាកាឧទ្ធរណ៍ទី៤របស់សហរដ្ឋអាមេរិកមានមូលដ្ឋាននៅរដ្ឋ Virginia បាននិយាយថា ពុំមានហេតុផលដើម្បីផ្អាកសេចក្តីសម្រេចនេះទេ ដោយសារតែចៅក្រមនៅទីក្រុង Baltimore រដ្ឋ Maryland ត្រូវបានគេរំពឹងថានឹងសម្រេចនៅសប្តាហ៍ក្រោយថាតើត្រូវបន្តបន្ថែមទៀតឬយ៉ាងណា ខណៈមានបណ្តឹងជាច្រើនធ្វើឡើងដោយរដ្ឋចំនួន១៩ ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ និងទីក្រុង Washington D.C ។
ចៅក្រមតំបន់សហរដ្ឋអាមេរិក លោក James Bredar កាលពីសប្តាហ៍មុន បាននិយាយថា ទីភ្នាក់ងារនានាដែលជាប់ពាក់ព័ន្ធក្នុងការបណ្តេញបុគ្គលិកសាកល្បងច្រើននាក់ មិនបានអនុវត្តតាមនីតិវិធីដែលបានតម្រូវឲ្យនោះទេសម្រាប់ការកាត់រំសាយបុគ្គលិកសហព័ន្ធ ហើយបានបញ្ជាឱ្យពួកគេចូលបម្រើការងារវិញជាបណ្តោះអាសន្ន។
រដ្ឋបាលរបស់លោក Trump នៅក្នុងឯកសារតុលាការនៅថ្ងៃទី១៧ ខែមីនា បាននិយាយថាទីភ្នាក់ងារនានាកំពុងធ្វើការដើម្បីដាក់បុគ្គលិកដែលត្រូវបានបណ្តេញចេញចូលបម្រើការងារវិញ ខណៈដែលបានដាក់ឲ្យពួកគេឈប់សម្រាក។