មេបញ្ជាការកងទ័ពស៊ូដង់ លោក Abdel Fattah al-Burhan បានប្តេជ្ញា កាលពីថ្ងៃសុក្រ ទី ២១ ខែមីនា ថានឹងបន្តប្រយុទ្ធប្រឆាំងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) «រហូតដល់ទីបញ្ចប់» ដោយលោកបានថ្លែងទៅកាន់ហ្វូងមនុស្សនៅក្នុងរដ្ឋ El Gezira ។ សេចក្តីថ្លែងការណ៍មួយនិយាយថា កងទ័ពស៊ូដង់ ដណ្តើមបានការគ្រប់គ្រងទាំងស្រុងនូវវិមានប្រធានាធិបតី នៅទីក្រុង Khartoum កាលពីថ្ងៃសុក្រ ជាអ្វីដែលនឹងក្លាយជាការទទួលបានដ៏ធំនៅក្នុងជម្លោះដែលមានរយៈពេលពីរឆ្នាំមកនេះ ជាមួយក្រុមប្រដាប់អាវុធជាគូប្រជែងដែលបានគំរាមកំហែងបែងចែកប្រទេស។
កងទ័ព បានប្រយុទ្ធប្រឆាំងជាយូរមកហើយ ប៉ុន្តែថ្មីៗនេះទទួលបានវឌ្ឍនភាព និងដណ្តើមបានទឹកដីមកវិញពីកងកម្លាំងគាំទ្ររហ័ស (RSF) នៅក្នុងប្រទេស។ កងកម្លាំងគាំទ្ររហ័ស(RSF) កំពុងបង្កើតរដ្ឋាភិបាលស្របគ្នានៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ទោះបីជា វាមិនត្រូវបានគេរំពឹងថានឹងមានការទទួលស្គាល់ជាអន្តរជាតិយ៉ាងទូលំទូលាយ ក៏ដោយ។
កងកម្លាំងគាំទ្ររហ័ស(RSF) បាននិយាយកាលពីថ្ងៃសុក្រ ប៉ុន្មានម៉ោងបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់កងទ័ពថា ខ្លួននៅតែស្ថិតនៅក្នុងបរិវេណវិមានប្រធានាធិបតី ហើយបានវាយប្រហារសម្លាប់ទាហានរាប់សិបនាក់នៅខាងក្នុងនោះ។ ប៉ុន្តែប្រភពពីកងទ័ពបាននិយាយថា ក្រុមអ្នកប្រយុទ្ធស្ថិតនៅចម្ងាយប្រហែល ៤០០ ម៉ែត្រ។ ពួកគេនិយាយថា កងកម្លាំងរបស់កងទ័ព បានរងការវាយប្រហារដោយយានដ្រូន ដែលបានសម្លាប់ទាហានច្រើននាក់ ព្រមទាំងអ្នកសារព័ត៌មាន៤នាក់ មកពីទូរទស្សន៍រដ្ឋ។