មេដឹកនាំគណបក្សប្រឆាំងធំរបស់ប្រទេសទួរគី នៅតែបន្តការអំពាវនាវរបស់លោកឱ្យប្រជាជនចេញធ្វើបាតុកម្មដើម្បីតវ៉ាប្រឆាំងការឃុំខ្លួនអភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Ekrem Imamoglu ទោះបីជាប្រធានាធិបតី លោក Tayyip Erdogan ព្រមានប្រឆាំងបាតុកម្មនេះក៏ដោយ។
មនុស្សរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅទីស្នាក់ការកណ្តាលទីក្រុងអ៊ីស្តង់ប៊ុលសម្រាប់យប់ទីបីជាប់ៗគ្នាដើម្បីតវ៉ាប្រឆាំង ការឃុំខ្លួនលោក Imamoglu។
លោក Imamoglu អាយុ៥៤ ឆ្នាំត្រូវបានឃុំខ្លួនកាលពីថ្ងៃពុធ ទី១៩ ខែមីនា ប្រឈមនឹងការចោទប្រកាន់រួមមានអំពើពុករលួយ និងផ្តល់ជំនួយដល់ក្រុមភេរវកម្ម។ គណបក្សប្រជាសាធារណរដ្ឋ របស់លោក ដែលជាគណបក្សប្រឆាំងធំ បានថ្កោលទោសចំណាត់ការនេះថាជាហេតុផលនយោបាយ និងបានជំរុញឲ្យអ្នកគាំទ្រធ្វើបាតុកម្មដោយស្របច្បាប់។
ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅក្នុងទីក្រុង Izmir ប្រទេសទួរគី កាលពីយប់ថ្ងៃសុក្រ ទី២១ ខែមីនា ខណៈក្រុមបាតុករបានធ្វើបាតុកម្មប្រឆាំងនឹងការឃុំខ្លួនអភិបាលក្រុងអ៊ីស្តង់ប៊ុល។ នគរបាលបានប្រើកាណុងបាញ់ទឹក ដើម្បីបំបែកហ្វូងមនុស្ស ដែលព្យាយាមបិទផ្លូវធំ ដោយបានដាក់ធុងសំរាម និងរទេះដែក។
អាជ្ញាធរទួរគី បានព្រមានថាការអំពាវនាវឲ្យមានការតវ៉ានៅតាមផ្លូវ គឺជារឿង«ខុសច្បាប់»។