កែប៖ កងកម្លាំងនៃមជ្ឈមណ្ឌលបោសកម្ចាត់មីនកម្ពុជា (CMAC) ក្រោមជំនួយគាំទ្រថវិកាពីប្រទេសណ័រវ៉េស តាមរយៈអង្គការ NPA ប្រចាំនៅកម្ពុជា នឹងធ្វើការបោសសម្អាតមីននៅក្នុងខេត្តកែប ឲ្យបានចប់សព្វគ្រប់នៅដើមឆ្នាំក្រោយ។
ក្នុងឱកាសអញ្ជើញចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការគម្រោង “ខេត្តកែបគ្មានគ្រាប់មីន” រវាងស៊ីម៉ាក់ និងអង្គការ NPA នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានឱ្យដឹងថា ក្នុងខេត្តកែបមានចម្ការមីនចំនួន៨ ដែលស្មើនឹងទំហំផ្ទៃក្រឡាជាង៩០ហិកតា ហើយរហូតមកដល់ពេលនេះ បោសសម្អាតបានចំនួន៤ចម្ការ នៅសល់៤ចម្ការទៀត នឹងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២២។
ឯកឧត្តម បានបន្តថា ផែនការបោសសម្អាតមីន នៅក្នុងកែបនេះ គ្រោងធ្វើឲ្យរួចរាល់នៅឆ្នាំនេះ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ-១៩ ទើបនាំឲ្យអូសបន្លាយពេលដល់ឆ្នាំក្រោយ ហើយអង្គការ NPA បានសន្យាថានឹ ងជួយបោសសម្អាតឲ្យរួចរាល់។
ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា សម្រាប់គម្រោងរបស់អង្គការ NPA រំដោះចម្ការមីននៅក្នុងខេត្តកែបនេះ គឺអនុវត្តតែការបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប៉ុណ្ណោះ ខណៈនៅខេត្តមួយចំនួនទៀត ក្រោយពីសម្អាតមីនរួច មានការជួយកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗផងដែរ។
ឯកឧត្តម បានបន្ថែមថា កម្លាំងស៊ីម៉ាក់ មានមហិ្ឆតាបន្តភារកិច្ចបោសសម្អាតតំបន់រងផលប៉ះពាល់ ដោយសារគ្រាប់មីន ឱ្យក្លាយជាខេត្តគ្មានគ្រាប់មីន ដូចជាខេត្តកំពត តាកែវ កំពង់ស្ពឺ ព្រះសីហនុ និងខេត្តកោះកុង បន្តបន្ទាប់ចាប់ពីឆ្នាំ២០២២ទៅ ហើយអង្គភាពស៊ីម៉ាក់ នឹងខិតខំអនុវតតាមផែនការយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋភិបាល ដោយសហការជាមួយអាជ្ញាធរមីន និងដៃគូអភិវឌ្ឍន៍ ដើម្បីព្រះរាជាណាចក្រកម្ពុជា អស់ការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស ត្រឹមចុងឆ្នាំ២០២៥ ៕អត្ថបទ៖ បាន សុខរិទ្ធ



