គ្រូបង្រៀននៅប្រទេសម៉ិកស៊ិក បានបញ្ចប់ការធ្វើកូដកម្មរយៈពេល៧២ម៉ោង កាលពីថ្ងៃសុក្រ ទី២១ ខែ មីនា ដោយការដើរក្បួនទៅកាន់វិមានជាតិក្នុងទីក្រុង Mexico City ទាមទារលក្ខខណ្ឌចូលនិវត្តន៍កាន់តែប្រសើរ។ អ្នកតវ៉ារាប់ពាន់នាក់ ដែលរៀបចំដោយសហជីពបុគ្គលិកអប់រំសាធារណៈ (CNTE) បានដើរដង្ហែក្បួនតាមដងផ្លូវទៅកាន់ទីប្រជុំជនទីលាន Zocalo Square ជាកន្លែងដែលក្រុមអ្នកតវ៉ា បានបោះជំរំ នៅមុខអគាររដ្ឋាភិបាល។
ប្រព័ន្ធផ្សព្វផ្សាយម៉ិកស៊ិក បានរាយការណ៍ថា គ្រូបង្រៀនកំពុងអំពាវនាវឱ្យលុបចោលច្បាប់ឆ្នាំ២០០៧ ដែលបានទម្លាក់លក្ខខណ្ឌចូលនិវត្តន៍របស់ពួកគេដោយបង្កើនអាយុចូលនិវត្តន៍ស្របច្បាប់ពី៥៨ឆ្នាំ ទៅ ៦៥វិញ។
តំណាងសហជីពបុគ្គលិកអប់រំសាធារណៈ (CNTE) បានជួបជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ កាលពីថ្ងៃទី១៨ ខែមីនា ដោយឈានដល់កិច្ចព្រមព្រៀងមួយថា រដ្ឋបាលរបស់ប្រធានាធិបតី លោកស្រី Claudia Sheinbaum នឹងដកកំណែទម្រង់ដែលបានស្នើឡើងនៅវិទ្យាស្ថានសន្តិសុខសង្គម និងសេវាសម្រាប់បុគ្គលិករដ្ឋ។ ទោះជាយ៉ាងណា ការសន្ទនាមិនគ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលសមាជិកសហជីពឲ្យដកកូដកម្ម នេះឡើយ។