រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានគំរាមដាក់បញ្ចូលឧបសម្ព័ន្ធផ្នែកមួយចំនួននៅតំបន់ហ្កាហ្សា លុះត្រាតែក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរដែលនៅសល់។
លោក Katz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកបានណែនាំយោធាអ៊ីស្រាអែលឱ្យដណ្តើមយក «ទឹកដីបន្ថែមទៀត» និងពង្រីក «តំបន់សន្តិសុខ» នៅជុំវិញតំបន់ហ្កាហ្សា ប្រសិនបើក្រុមហាម៉ាស នៅតែបន្តបដិសេធមិនដោះលែងចំណាប់ថ្នូរ។
ក្នុងការឆ្លើយតប ក្រុមហាម៉ាស បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ដោយនិយាយថា ក្រុមឥស្លាមនិយមនេះ នៅតែចូលរួមក្នុងការចរចាលើសំណើរបស់សហរដ្ឋអាមេរិក និងគំនិតដែលបានស្នើផ្សេងទៀតដើម្បីបញ្ចប់សង្រ្គាម។
កិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចូលជាធរមានកាលពីខែមករា ទំនងជាមានហានិភ័យនៃការដួលរលំ បន្ទាប់ពីយោធាអ៊ីស្រាអែល បន្តវាយប្រហារលើតំបន់ហ្កាហ្សាដោយការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ កាលពីថ្ងៃអង្គារ សប្តាហ៍នេះ។
ក្រុមហាម៉ាស បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនបានបាញ់គ្រាប់រ៉ុក្កែតចូលទៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។ ប៉ុន្តែយោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានស្ទាក់ចាប់គ្រាប់រ៉ុក្កែតពីរគ្រាប់។