ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បាននិយាយនៅថ្ងៃសៅរ៍ (២២ មីនា) នេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានសម្តែងនូវការគាំទ្រឥតងាករេចំពោះសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ក្នុងអំឡុងពេលជំនួបជាមួយមន្ត្រីសន្តិសុខរុស្ស៊ីជាន់ខ្ពស់របស់រុស្ស៊ី នៅទីក្រុងព្យុងយ៉ាង។
កិច្ចប្រជុំកាលពីថ្ងៃសុក្រ រវាងលោក Kim និងលោក Sergei Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បានធ្វើឡើងបន្ទាប់ពីការវាយតម្លៃចារកម្មកូរ៉េខាងត្បូង កាលពីចុងខែកុម្ភៈថា កូរ៉េខាងជើងទំនងជាបានបញ្ជូនទាហានបន្ថែមទៅកាន់រុស្ស៊ី បន្ទាប់ពីកងកម្លាំងរបស់ខ្លួនបានរងគ្រោះធ្ងន់ធ្ងរក្នុងការប្រយុទ្ធគ្នាក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង និងរុស្ស៊ី បាននិយាយថា លោក Kim និងលោក Shoigu បានពិភាក្សាពីបញ្ហាជាច្រើន រួមទាំងសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន កិច្ចសន្ទនារបស់ទីក្រុងមូស្គូ ជាមួយរដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump និងស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េ។
របាយការណ៍និយាយថា ក្រុមមន្រ្តីបានអះអាងសារជាថ្មីពីឆន្ទៈរបស់មេដឹកនាំប្រទេសទាំងពីរក្នុងការរក្សា "ដោយគ្មានលក្ខខណ្ឌ" នូវសន្ធិសញ្ញាការពារទៅវិញទៅមកដ៏សំខាន់មួយ ដែលបានឈានដល់ក្នុងកិច្ចប្រជុំកំពូលកាលពីឆ្នាំមុន នៅទីក្រុងព្យុងយ៉ាង ដែលសន្យាផ្តល់ជំនួយទៅវិញទៅមក ប្រសិនបើប្រទេសណាមួយប្រឈមមុខនឹងការឈ្លានពាន៕

