ភ្នំពេញ៖ អង្គការ JMAS របស់ប្រទេសជប៉ុន បានបង្ហាញនូវគម្រោង និងសន្យាបន្តចូលរួមធ្វើការបោសសំអាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បន្សល់ទុកពីសម័យសង្គ្រាម នៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យផ្ទៃដីមានសុវត្ថិភាព ក្នុងការផ្ដល់ជូនប្រជាពលរដ្ឋធ្វើការដាំដុះដំណាំផ្សេងៗ និងឲ្យសម្រេចបានតាមគោលដៅ ។
ក្នុងជំនួបជាមួយឯកឧត្តម លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក YOSHIOKA Yoshito ប្រធានអង្គការ JMAS ថ្មីប្រចាំកម្ពុជា បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចគាំទ្រដល់អង្គការ JMAS ចាប់តាំងពីឆ្នាំ២០០៦ លើការងារសកម្មភាពមីនមនុស្សធម៌ ក្នុងខេត្តបន្ទាយមានជ័យ ស្ទឹងត្រែង និងខេត្តបាត់ដំបង ។
លោកបានបន្តថា ដោយការសហការនេះ គឺមានភាពយ៉ាងជិតស្និទ្ធិជាមួយមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) ក្រោមជំនួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ហើយជាបន្តទៀតអង្គការ JMAS នឹងចូលរួមជួយគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា រហូតដល់កម្ពុជាបានសម្រេចនូវគោលដៅរបស់ខ្លួន ។
ក្នុងឱកាសនោះ ឯកឧតម្តម លី ធុជ មានប្រសាសន៍ថា ជប៉ុនបានចូលរួមគាំទ្រស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជូនដល់ប្រជាជន និងប្រទេសកម្ពុជា ក្នុងនោះជប៉ុនបានចូលរួមយ៉ាងសកម្ម ដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដើម្បីផ្តល់ដីសម្រាប់បង្កបង្កើនផល ជួយសង្រ្គោះអាយុជីវិត និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។
ឯកឧត្តមបន្តថា សមិទ្ធផលសម្រេចបាន នៃការងារបោសសម្អាតមីន បន្ទាប់ពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយរាជរដ្ឋាភិបាលកម្ពុជា បានចាត់ការងារបោសសម្អាតមីនជាការងារអាទិភាពមួយក្នុងកិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ ។ ហើយរាជរដ្ឋាភិបាល បានដាក់ចេញចក្ខុវិស័យយ៉ាងច្បាស់លាស់ ដើម្បីបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ ដូចមាន ចែងក្នុងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន២០១៨-២០២៥ ព្រមទាំងបាននិងកំពុងខិតខំរិះរកនូវវិធីសាស្រ្តកាត់បន្ថយផ្ទៃដី ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ធនធានបោសសម្អាតមីន ដោយសហការជាមួយប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ ៕
អត្ថបទ បាន សុខរិទ្ធិ




