ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត AI ទើបបើកថ្មីមួយមានឈ្មោះថា Perplexity កាលពីថ្ងៃសុក្រ (២១ មីនា) បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងការទិញយកអេប TikTok ដែលប្រឈមនឹងកាលបរិច្ឆេទផុតកំណត់ក្នុងការដកខ្លួនចេញពីក្រុមហ៊ុនមេចិនរបស់ខ្លួន បើមិនដូច្នេះទេនឹងត្រូវហាមឃាត់នៅអាមេរិក។
Perplexity នៅក្នុងការបង្ហោះប្លុកមួយ បានដាក់ចេញនូវចក្ខុវិស័យសម្រាប់ការរួមបញ្ចូលសមត្ថភាពស្វែងរកតាមអ៊ីនធឺណិត ដែលដំណើរការដោយ AI របស់ខ្លួន ជាមួយនឹងកម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមនេះ។ Perplexity ដែលមានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បាននិយាយថា "ការរួមបញ្ចូលគ្នានូវម៉ាស៊ីនចម្លើយរបស់ Perplexity ជាមួយប្រព័ន្ធវីដេអូដ៏ទូលំទូលាយរបស់ TikTok នឹងអនុញ្ញាតឱ្យយើងបង្កើតនូវបទពិសោធន៍ស្វែងរកដ៏ល្អបំផុតនៅក្នុងពិភពលោក"។

លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីដើមខែមីនា បាននិយាយថា សហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយក្រុមចំនួនបួន ដែលចាប់អារម្មណ៍ក្នុងការទិញ TikTok ខណៈកម្មវិធីដែលគ្រប់គ្រងដោយចិនមួយនេះ កំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់នៅក្នុងទឹកដីអាមេរិក។
ច្បាប់របស់អាមេរិក បានបញ្ជាឱ្យ TikTok ដកខ្លួនចេញពីម្ចាស់ក្រុមហ៊ុនចិន ByteDance របស់ខ្លួន បើមិនដូច្នេះទេនឹងត្រូវបានហាមឃាត់នៅសហរដ្ឋអាមេរិក។ ច្បាប់ហាមប្រាម TikTok ចូលជាធរមានតាំងតែពីថ្ងៃទី១៩ ខែមករា លើក្ដីបារម្ភសន្តិសុខជាតិ ប៉ុន្តែលោក Trump បានផ្អាកបម្រាមនោះយៈពេលពីរខែកន្លះ បន្ទាប់ពីចាប់ផ្តើមអាណត្តិទីពីររបស់លោកក្នុងខែមករា ដោយស្វះស្វែងរកដំណោះស្រាយជាមួយទីក្រុងប៉េកាំង៕

