ប្រមុខការទូតមកពីប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង បានជួបប្រជុំគ្នានៅទីក្រុងតូក្យូ នាថ្ងៃសៅរ៍ (២២ មីនា) នេះ ដោយស្វែងរកមូលដ្ឋានរួមគ្នាលើបញ្ហាសន្តិសុខ និងសេដ្ឋកិច្ចអាស៊ីបូព៌ា ស្របពេលមានការកើនឡើងនៃភាពមិនប្រាកដប្រជាជាសកល។
ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំនៅទីក្រុងតូក្យូ ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul លោករដ្ឋមន្ត្រីការបរទេសជប៉ុន Takeshi Iwaya បានថ្លែងថា "ដោយសារស្ថានការណ៍អន្តរជាតិកាន់តែធ្ងន់ធ្ងរ ជប៉ុនជឿជាក់ថា ភាគីទាំងបីពិតជាអាចឈានដល់ចំណុចរបត់មួយនៅក្នុងប្រវត្តិសាស្ត្រ" នៃភូមិសាស្ត្រនយោបាយ។

លោក Iwaya បាននិយាយនៅក្នុងសេចក្តីប្រកាសរួមមួយបន្ទាប់ពីកិច្ចប្រជុំនោះថា ភាគីទាំងបីបានយល់ព្រមពន្លឿនការរៀបចំសម្រាប់កិច្ចប្រជុំកំពូលត្រីភាគីនៅក្នុងប្រទេសជប៉ុន ដែលនឹងរួមបញ្ចូលផងដែរនូវកិច្ចពិភាក្សាអំពីមធ្យោបាយដែលទីក្រុងតូក្យូ ទីក្រុងប៉េកាំង និងទីក្រុងសេអ៊ូល អាចដោះស្រាយបញ្ហាធ្លាក់ចុះនៃអត្រាកំណើត និងចំនួនប្រជាជនវ័យចំណាស់កាន់តែច្រើន។
នេះជាជំនួបលើកដំបូងហើយរបស់រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងបីចាប់តាំងពីឆ្នាំ២០២៣មក ហើយកិច្ចប្រជុំនេះកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានកែប្រែសម្ព័ន្ធភាពអាយុកាលរាប់ទសវត្សរ៍ ដែលអាចជាឱកាសដ៏ល្អសម្រាប់ប្រទេសចិន ក្នុងការពង្រឹងទំនាក់ទំនងកាន់តែជិតស្និតជាមួយបណ្តាប្រទេស ដែលធ្លាប់តែត្រូវរ៉ូវគ្នានឹងទីក្រុងវ៉ាស៊ីនតោនទាំងនេះ៕

