ក្រុមសកម្មប្រយុទ្ធហាម៉ាស បាននិយាយកាលពីថ្ងៃសុក្រ (២១ មីនា) ថា ខ្លួនកំពុងពិនិត្យមើលលើសំណើររបស់សហរដ្ឋអាមេរិក ដើម្បីស្តារបទឈប់បាញ់នៅតំបន់ហ្កាហ្សាឡើងវិញ ខណៈអ៊ីស្រាអែល បានបង្កើនការវាយលុកយោធារបស់ខ្លួនដើម្បីជំរុញក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ ឱ្យដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលដែលនៅសេសសល់។
ផែនការ "ជាស្ពានឆ្លងសម្រាប់បទឈប់បាញ់" របស់ប្រេសិតពិសេសអាមេរិក លោក Steve Witkoff ដែលបានដាក់បង្ហាញកាលពីសប្តាហ៍មុន មានគោលបំណងពង្រីកបទឈប់បាញ់ដល់ខែមេសា ហួសពីថ្ងៃបុណ្យរ៉ាម៉ាដាន និងបុណ្យរំលឹកពីការរំដោះពីទាសភាព Passover របស់ជនជាតិជ្វីហ្វ ដើម្បីទុកពេលវេលាសម្រាប់ការចរចាលើការបញ្ឈប់អរិភាពអចិន្ត្រៃយ៍។

ប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីស្រាអែល បានលុបចោលបទឈប់បាញ់រយៈពេលពីរខែប្រកបដោយប្រសិទ្ធភាព រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា យោធាកំពុងបង្កើនការវាយប្រហារតាមផ្លូវអាកាស ដី និងសមុទ្រ ហើយនឹងផ្លាស់ទីជនស៊ីវិលទៅកាន់ផ្នែកខាងត្បូងហ្កាហ្សា ដោយប្ដេជ្ញាថានឹងបន្តយុទ្ធនាការរបស់ខ្លួន រហូតដល់ក្រុមហាម៉ាស ដោះលែងចំណាប់ថ្នូរន្ថែមទៀត ហើយត្រូវម្ចាត់ចោលទាំងស្រុង។
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរលើក្រុមហាម៉ាស ក្នុងសប្តាហ៍នេះ ដោយបានសម្លាប់ប្រមុខរដ្ឋាភិបាលតំបន់ហ្កាហ្សារបស់ខ្លួន និងមន្ត្រីជាន់ខ្ពស់ៗផ្សេងទៀត។ ប៉ុន្តែប្រភពប៉ាឡេស្ទីន និងអ៊ីស្រាអែលនិយាយថា ក្រុមហាម៉ាស បានបង្ហាញថាខ្លួនអាចទប់ទល់ការខាតបង់ធំៗទាំងនេះ ហើយនៅតែបន្តប្រយុទ្ធនិងគ្រប់គ្រងហ្កាហ្សា៕

