ប្រជាពលរដ្ឋប៉េរូ និងសិល្បកររាប់ពាន់នាក់ បានធ្វើដំណើរតវ៉ាយ៉ាងកុះករតាមដងផ្លូវនៃទីក្រុងលីម៉ា កាលពីថ្ងៃសុក្រ (២១ មីនា) ក្នុងបាតុកម្មប្រឆាំងនឹងរលកឧក្រិដ្ឋកម្មដែលកំពុងកើនឡើង បន្ទាប់ពីកាស្លាប់របស់តារាចម្រៀងដ៏ល្បីល្បាញម្នាក់ ដែលបានបង្កការខឹងសម្បារក្នុងប្រទេស ខណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវដកចេញពីតំណែងដោយសារតែហិង្សានេះ។
សិល្បករឈ្មោះ Paul Flores ដែលជាអ្នកចំរៀងនៃក្រុម Armonia10 ត្រូវបានបាញ់សម្លាប់នៅលើរថយន្តក្រុងដែលកំពុងដឹកក្រុមតន្រ្តីកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកឡាទីន បានរាយការណ៍ថា អ្នកគ្រប់គ្រងរបស់ Armonia10 បានចោទក្រុមជនអន្ធពាលថាជាអ្នកនៅពីក្រោយឧក្រិដ្ឋកម្មនេះ។

ក្រុមតន្រ្តីប៉េរូមួយចំនួន រួមទាំងសមាជិកក្រុមតម្រ្តី Armonia10 បានចូលរួមក្នុងការប្រមូលផ្តុំតវ៉ានោះក្រោមពាក្យតវ៉ាថា “យើងមិនចង់ស្លាប់ទេ”។ ក្រុមបាតុករនិយាយថា ពួកគេធុញទ្រាន់នឹងការជំរិតទារប្រាក់ ការគំរាមកំហែង គ្រោះថ្នាក់ និងការធ្វើឃាតដែលកំពុងកើនឡើងនៅប៉េរូ ហើយទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ចំពោះអសន្តិសុខក្នុងប្រទេស។
ទន្ធឹមនឹងនេះ នៅព្រឹកថ្ងៃសុក្រ សមាជិកសភាបានបោះឆ្នោតទម្លាក់រដ្ឋមន្ត្រីមហាផ្ទៃ គឺលោក Juan Jose Santivanez ជាការឆ្លើយតបទៅនឹងកំណើនឧក្រិដ្ឋកម្មនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។ ប្រធានាធិបតី លោកស្រី Dina Boluarte បានថ្លែងទៅកាន់ប្រជាជាតិ ដោយប្រកាសថា លោកស្រីបានបញ្ជាឱ្យបង្កើនប្រតិបត្តិការនគរបាល ចាប់តាំងពីការចាប់ផ្តើមដាក់រដ្ឋក្នុងគ្រាអាសន្នមក ប្រតិបត្តិការទាំងនេះបានចាប់ខ្លួនជនសង្ស័យជាង ៩០០នាក់ហើយ៕

