ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ (២១ មីនា) បានលើកឡើងថា នឹងមាន "ភាពបត់បែន" លើផែនការពន្ធបដិការ ឬហៅថាពន្ធតម្រូវឱ្យត្រូវគ្នាទៅមករបស់លោក ទោះបីជាមេដឹកនាំអាមេរិករូបនេះហាក់ដូចជាប្រឆាំងនឹងគំនិតនៃការលើកលែងសម្រាប់ពន្ធកាតព្វកិច្ចនាពេលខាងមុខក៏ដោយ។
លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval Office ថា "មនុស្សជាច្រើនកំពុងនិយាយពីការដំឡើងពន្ធគយ ហើយមនុស្សជាច្រើនកំពុងសួរលោកថា តើពួកគេអាចមានករណីលើកលែងដែរឬទេ ប៉ុន្តែបើលើកលែងឱ្យម្នាក់ នោះប្រាកដជាត្រូវលើកលែងឱ្យអ្នកផ្សេងទៀតដែរ”។

លោក Trump ដែលជាអ្នកស្រឡាញ់ពន្ធគយ ក៏បានបញ្ជាក់ថា លោកនឹងមិនផ្លាស់ប្តូរគំនិតទេជុំវិញការលើកលែងការដំឡើងពន្ធដល់ក្រុមហ៊ុនផលិតរថយន្តធំៗ រយៈពេលមួយខែលើជុំមុននៃពន្ធនាំចូលនៅដើមខែមីនា ដោយបន្ថែមថា "នឹងមានភាពបត់បែន ជាពិសេសទៅលើពន្ធបដិការ”។
គួរឱ្យដឹងថា លោក Trump បានកំណត់កាលបរិច្ឆេទចាប់ផ្តើមថ្ងៃទី០២ ខែមេសា សម្រាប់ពន្ធបដិការរបស់លោក ហើយហៅថាជា "ថ្ងៃរំដោះ" របស់អាមេរិក។ លោក Trump និងមន្ត្រីរបស់លោក បាននិយាយថា ផែនការនេះនឹងកំណត់អត្រាពន្ធប្រកបដោយប្រសិទ្ធភាពដល់ប្រទេសទាំងអស់ ដែលមានពន្ធផ្ទាល់របស់ពួកគេលើទំនិញរបស់អាមេរិក ដោយដាក់តម្រូវអត្រាពន្ធឱ្យស្មើគ្នាទៅមក៕

