ភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះ Martinho បានជន់លិចផ្នែកខ្លះនៃភាគកណ្តាលប្រទេសអេស្ប៉ាញ កាលពីថ្ងៃសុក្រ (២១ មីនា) ខណៈហានិភ័យនៃទឹកជំនន់ដ៏ធ្ងន់ធ្ងរបានកើនឡើង ដោយស្ថានភាពទឹកទន្លេដែលហូរហៀរទប់មិនជាប់ នៅតែកើតមាននៅក្នុងទីក្រុងម៉ាឌ្រីដ។
នៅទីក្រុង Avila ផ្លូវថ្នល់ វាលស្រែ និងទីតាំងកីឡាត្រូវបានជន់លិច ខណៈមនុស្សម្នាព្យាយាមបាចទឹកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយយានជីកកកាយ បានធ្វើការនៅលើច្រាំងទន្លេ Adaja ដើម្បីដកមែកឈើ និងបញ្ចៀសការជន់លិចបន្ថែមទៀត។

អង្គភាពសង្គ្រោះបន្ទាន់យោធារបស់អេស្ប៉ាញ កំពុងឃ្លាំមើលកម្រិតទឹកជុំវិញមន្ទីរពេទ្យសម្រាប់ជនពិការ បន្ទាប់ពីពួកគេបានដាក់ជញ្ជាំងបាវខ្សាច់ដើម្បីការពារទឹកមិនឱ្យចូលដល់អគារ ប្រសិនបើកម្រិតទឹកបន្តកើនឡើង។ អាជ្ញាធរនិយាយថា រដ្ឋធានីអេស្ប៉ាញមួយនេះ នៅតែស្ថិតក្នុងការប្រុងប្រយ័ត្ន ដោយសារតែហានិភ័យនៃទឹកទន្លេ Manzanares ហូរហៀរខ្លាំង ខណៈព្យុះថ្មីមួយបានខិតទៅជិតទីក្រុង។
ព្យុះ Martinho បានវាយលុកអេស្ប៉ាញជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ ហើយអាជ្ញាធរបានព្រមានអ្នកស្រុកឱ្យនៅឆ្ងាយពីតំបន់ដែលកម្រិតទឹកកាន់តែខិតទៅជិតផ្លូវ។ ខ្យល់ព្យុះខុសពីធម្មតានេះបានជួយឱ្យប្រទេសនេះបញ្ចប់គ្រោះរាំងស្ងួតរយៈពេលវែង ដោយទំនប់ជាច្រើនត្រូវបានបញ្ចេញទឹកដើម្បីការពារកុំឱ្យជន់លិច ប៉ុន្តែភ្លៀងមិនឈប់ឈរបានធ្វើឱ្យអ្នកស្រុក និងអាជ្ញាធរព្រួយបារម្ភពីរឿងទឹកជំនន់៕

