ក្រុមមន្រ្តីហាម៉ាស់ និយាយនៅថ្ងៃអាទិត្យនេះថា ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មេដឹកនាំនយោបាយក្រុមហាម៉ាស់លោក Salah al-Bardaweel ។
ក្រុមហាម៉ាស់ បានចោទប្រកាន់អ៊ីស្រាអែលថាបានធ្វើឃាតលោក Bardaweel ពេលលោកកំពុងធ្វើពិធីបួងសួងជាមួយភរិយារបស់លោក ក្រោយមីស៊ីលរបស់អ៊ីស្រាអែលវាយប្រហារជម្រកសំពត់តង់របស់ពួកគេនៅទីក្រុង Khan Younis ។ ក្រុមមន្រ្តីអ៊ីស្រាអែល ពុំបានធ្វើសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេ ជុំវិញការវាយប្រហារមួយនេះ ។
ក្រុមហាម៉ាស់ និយាយក្នុងសប្តាហ៍នេះថា ខ្លួនកំពុងពិនិត្យមើលលើសំណើររបស់សហរដ្ឋអាមេរិក ដើម្បីស្តារបទឈប់បាញ់នៅតំបន់ហ្កាហ្សាឡើងវិញ ខណៈអ៊ីស្រាអែល បានបង្កើនការវាយលុកយោធារបស់ខ្លួនដើម្បីជំរុញក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ ដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលដែលនៅសេសសល់ ។
សូមបញ្ជាក់ថា ផែនការ “ស្ពានឆ្លងសម្រាប់បទឈប់បាញ់” របស់ប្រេសិតពិសេសអាមេរិក លោក Steve Witkoff ដែលបានដាក់បង្ហាញកាលពីសប្តាហ៍មុន មានគោលបំណងពង្រីកបទឈប់បាញ់ដល់ខែមេសា ហួសពីថ្ងៃបុណ្យរ៉ាម៉ាដាន និងបុណ្យរំលឹកពីការរំដោះពីទាសភាព Passover របស់ជនជាតិជ្វីហ្វ ដើម្បីទុកពេលវេលាសម្រាប់ការចរចាលើការបញ្ឈប់អរិភាពអចិន្ត្រៃយ៍ ៕