កំពង់ចាម៖ លោក ប៊ុន វុត្ថា អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុំ វាសនា ជំនួយការសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំខ្នុរដំបង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមីនា និងលើកទិសដៅអនុវត្តបន្តនៅខែបន្ទាប់ ដើម្បីចូលរួមពង្រឹងការអភិវឌ្ឍនៅមូលដ្ឋាន ។
ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នាស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំខ្នុរដំបង លោក ប៊ុន វុត្ថា បានឲ្យដឹងថា សម្រាប់ខ្លឹមសារប្រជុំរួមមាន ទី១. ជំរុញការកសាងសមាជិក ឲ្យបានតាមផែនការ, ទី២. ក្តាប់ឲ្យបាន អំពីសកម្មភាព របស់គណបក្សដ៏ទៃ ដែលធ្វើសកម្មភាព នៅក្នុងមូលដ្ឋាន, ទី៣. រក្សាឲ្យបានសាមគ្គីភាព ផ្ទៃក្នុងរបស់បក្ស, ទី៤.ពង្រឹងផ្នែក អាយ ធី (IT) ក្នុងការបញ្ចូលសមាជិកក្នុងប្រព័ន្ធ និងទី៥. បញ្ហាផ្សេងៗ មួយចំនួនទៀត ។
ក្នុងកិច្ចប្រជុំនោះ លោកអនុប្រធាន បានឧបត្ថម្ភថវិកាមួយចំនួន ក្នុងនោះឧបត្ថម្ភថវិកាចំនួន ១ ៦០០.០០០រៀល ដល់សាលាបឋមសិក្សា ខ្នុរដំបងក្នុងការធ្វើរបងសាលារៀន, ចូលរួមកម្មវិធីបុណ្យផ្កាសាមគ្គី នៅសាលាបឋមសិក្សារវៀង ចំនួន ៤០០.០០០រៀល, ឧបត្ថម្ភសមាជិកសមាជិកា ដែលបានចូលរួមទាំងអស់ ចំនួន៨៤០.០០០រៀល ៕



