នៅថ្ងៃអាទិត្យនេះ នគរបាលទួរគី បានវាយប្រហារហ្វូងបាតុករនៅក្រៅសាលាក្រុងអ៊ីស្តង់ប៊ុល ដោយពួកគេបាញ់ទឹកម្រេច ដើម្បីបណ្តេញក្រុមបាតុករទាំងអស់នេះ ។
មនុស្សរាប់ម៉ឺននាក់ បានជួបជុំគ្នានៅក្រៅអគារសាលាក្រុងអ៊ីស្តង់ប៊ុលកាលពីយប់ថ្ងៃសៅរ៍ រយៈពេល ៤ថ្ងៃជាប់ៗគ្នា ក្រោយការចាប់ខ្លួនរបស់លោកអភិបាលក្រុង Ekrem Imamoglu ។
លោក Imamoglu ដែលជាគូប្រជែងដ៏សំខាន់របស់លោកប្រធានាធិបតី Tayyip Erdogan ត្រូវបាននាំខ្លួនទៅកាន់តុលាការក្រុងអ៊ីស្តង់ប៊ុលជាលើកដំបូង ដើម្បីផ្តល់សក្ខីកម្មដល់ក្រុមរដ្ឋអាជ្ញាកាលពីថ្ងៃសៅរ៍ ចាប់តាំងពីការឃាត់ខ្លួនរបស់លោកកាលពីថ្ងៃពុធ ជុំវិញករណីចោទប្រកាន់ពីអំពើពុករលួយ និងភេរវកម្ម ។
ក្រុមរដ្ឋអាជ្ញានឹងសម្រេចចិត្តថាតើនឹងត្រូវដោះលែងលោក Imamoglu ឬមួយត្រូវបញ្ជូនរូបលោកទៅកាន់តុលាការជាមួយនឹងសំណើដាក់ពន្ធនាគារ ជាការរង់ចាំការកាត់ទោស ៕