នគរបាលនិយាយកាលពីថ្ងៃសៅរ៍ថា មនុស្ស ៣នាក់ ត្រូវបានសម្លាប់ និងមនុស្ស ១៥នាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំនៅទីក្រុង Las Cruces រដ្ឋ New Mexico សហរដ្ឋអាមេរិក ។
ស្នងការនគរបាលក្រុង Las Crucesលោក Jeremy Story និយាយថា ជម្លោះរវាងមនុស្ស ២ក្រុម បង្កឲ្យមានការផ្ទុះអាវុធរវាងភាគីទាំង ២ ក្នុងពិព័រណ៍រថយន្តនៅចំណតរថយន្ត Youth Park កាលពីល្ងាចថ្ងៃសុក្រ ។
លោក Story បន្តថា នគរបាលបានតាមចាប់ខ្លួនជនសង្ស័យ ប៉ុន្តែគ្មានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងនោះទេ ហើយលោកបានជំរុញសាក្សីឲ្យផ្តល់រូបភាពវីដេអូឃ្លីបដែលពាក់ព័ន្ធ និងព័ត៌មានដល់សមត្ថកិច្ច ។
ដោយឡែក ប្រធានផ្នែកអគ្គិភ័យក្រុង Las Cruces លោក Michael Daniels និយាយថា ជនរងគ្រោះ មានអាយុចន្លោះពី ១៦ឆ្នាំ ដល់ ៣៦ឆ្នាំ ហើយអ្នករងរបួសមួយចំនួនត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យនៅទីក្រុង El Paso ខណៈអ្នករងរបួសផ្សេងទៀត ទទួលបានការព្យាបាលនៅកន្លែងកើតហេតុ ៕