ទឹកជំនន់បន្តបង្កភាពវឹកវរនៅទូទាំងទីក្រុង Madrid ប្រទេសអេស្ប៉ាញ ក្រោយភ្លៀងធ្លាក់បណ្តាលមកពីព្យុះ Martinho ធ្វើឲ្យទឹកទន្លេហូរប្រៀបច្រាំង និងជន់លិចភូមិដ្ឋានប្រជាពលរដ្ឋ ។
តំបន់ជាច្រើនដូចជាតំបន់ជាយក្រុង San Fernando de Henares បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់ ។
ភ្លៀងធ្លាក់ខ្លាំង បានជន់លិចផ្នែកខ្លះនៅតំបន់ភាគកណ្តាលប្រទេសអេស្ប៉ាញ ចាប់តាំងពីថ្ងៃសុក្រ ខណៈហានិភ័យនៃទឹកជំនន់ដ៏ធ្ងន់ធ្ងរបានកើនឡើង ដោយស្ថានភាពទឹកទន្លេហូរប្រៀបច្រាំង នៅតែកើតមាននៅក្នុងទីក្រុង Madrid ។
នៅទីក្រុង Avila ផ្លូវថ្នល់ វាលស្រែ និងទីតាំងលេងកីឡា ត្រូវបានជន់លិច ខណៈមនុស្សម្នាព្យាយាមបាចទឹកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយគ្រឿងចក្រ ព្យាយាមរំដោះទឹក ដើម្បីបញ្ចៀសការជន់លិចបន្ថែមទៀត ។
អង្គភាពសង្គ្រោះបន្ទាន់យោធារបស់អេស្ប៉ាញ កំពុងឃ្លាំមើលកម្រិតទឹកជុំវិញមន្ទីរពេទ្យសម្រាប់ជនពិការ បន្ទាប់ពីពួកគេបានដាក់ជញ្ជាំងបាវខ្សាច់ ដើម្បីការពារទឹកមិនឲ្យចូលដល់អគារ ប្រសិនបើកម្រិតទឹកបន្តកើនឡើង។
ក្រុមអាជ្ញាធរនិយាយថា រដ្ឋធានីអេស្ប៉ាញមួយនេះ នៅតែស្ថិតក្នុងការប្រុងប្រយ័ត្ន ដោយសារហានិភ័យនៃទឹកទន្លេ Manzanares ហូរប្រៀបច្រាំង ខណៈព្យុះថ្មីមួយទៀតបានធ្វើដំណើរខិតទៅជិតទីក្រុង Madrid ។
សូមបញ្ជាក់ថា ព្យុះ Martinho បានវាយលុកអេស្ប៉ាញជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ ហើយក្រុមអាជ្ញាធរ បានព្រមានអ្នកស្រុកឲ្យនៅឆ្ងាយពីតំបន់ដែលកម្រិតទឹកកាន់តែខិតទៅជិតផ្លូវ ។
ព្យុះខុសពីធម្មតានេះ បានធ្វើឲ្យប្រទេសអេស្ប៉ាញ បញ្ចប់គ្រោះរាំងស្ងួតរយៈពេលវែង ដោយទំនប់ជាច្រើនត្រូវបានបញ្ចេញទឹកដើម្បីការពារកុំឲ្យជន់លិច ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ បានធ្វើឲ្យក្រុមអ្នកស្រុក និងក្រុមអាជ្ញាធរព្រួយបារម្ភពីរឿងទឹកជំនន់ ៕