ក្រុមមន្រ្តីនិយាយថា ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្ស ២នាក់នៅទីក្រុងភាគអាគ្នេយ៍ Zaporizhzhia ប្រទេសអ៊ុយក្រែន ។
អភិបាលតំបន់ Zaporizhzhia លោក Ivan Fedorov និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា ទីក្រុង Zaporizhzhia បានរងការវាយប្រហារជាង ១០លើក បណ្តាលឲ្យមនុសស ២នាក់ស្លាប់ និងមនុស្ស ៩នាក់ផ្សេងទៀត រងរបួស ។ អ្នករងរបួស រួមមានទាំងទារកអាយុ ៩ខែម្នាក់ម្នាក់ ហើយស្រ្តីម្នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
វិមានក្រឹមឡាំងនិយាយនៅសប្តាហ៍នេះថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមព្រៀងនៅក្នុងជំនួបតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យមានបទឈប់បាញ់រយៈពេល ៣០ថ្ងៃលើគោលដៅថាមពល ។
នៅក្នុងសប្តាហ៍នេះដែរ រុស្ស៊ីបានវាយប្រហារទីក្រុងសមុទ្រខ្មៅ Odesa របស់អ៊ុយក្រែន ដោយប្រើប្រាស់យានដ្រូនក្នុងចំណោមយានដ្រូនច្រើនបំផុតរបស់ខ្លួន បណ្តាលឲ្យយុវជន ៣នាក់រងរបួស ហើយនិងបង្កជាអគ្គិភ័យកើតឡើង ។
កិច្ចពិភាក្សាលើការស្វែងរកបទឈប់បាញ់ ត្រូវបានកំណត់ធ្វើឡើងនៅសប្តាហ៍ក្រោយ ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយមានជំនួបដាច់ដោយឡែកពីគ្នា រវាងក្រុមមន្រ្តីរុស្ស៊ី និងក្រុមមន្រ្តីអ៊ុយក្រែន ៕