ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់ បានធ្វើបាតុកម្ម នៅទីក្រុងតែលអាវីវ( Tel Aviv) កាលពីថ្ងៃសៅរ៍ (ទី២២ ខែមីនា) ប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក្នុងការបណ្តេញប្រធានសេវាស៊ើបការណ៍ផ្ទៃក្នុង Shin Bet និងបន្តការវាយប្រហារ នៅតំបន់ហ្កាហ្សា។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅសប្តាហ៍នេះថា លោកបានបាត់បង់ទំនុកចិត្តលើលោក Ronen Bar ដែលបានដឹកនាំទីភ្នាក់ងារ Shin Bet តាំងពីឆ្នាំ ២០២១ ហើយមានបំណងបណ្តេញលោកចេញតំណែងនេះ មានប្រសិទ្ធភាព នៅថ្ងៃទី ១០ ខែមេសា ដោយនាំឲ្យឲ្យមានការតវ៉ាចំនួនបីថ្ងៃហើយនេះ។
តុលាការកំពូលរបស់អ៊ីស្រាអែលបានចេញដីការក្សាការពារមួយ កាលពីថ្ងៃសុក្រ (ទី២១ ខែមីនា) ដោយបង្កកការបណ្តេញចេញលោក Ronen Bar ចេញតំណែងនេះ ជាបណ្ដោះអាសន្ន។
នៅទីលាន Habima នៃទីក្រុងតែលអាវីវ ក្រុមអ្នកតវ៉ាបានគ្រវីទង់ជាតិអ៊ីស្រាអែលពណ៌ខៀវ និងស ហើយបានអំពាវនាវឲ្យមានកិច្ចព្រមព្រៀងមួយ ដែលនឹងឃើញការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដែលនៅសេសសល់ ដែលកំពុងត្រូវបានឃុំខ្លួន នៅក្នុងតំបន់ហ្កាហ្សា។