
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញធ្វើជាសហប្រធានជាមួយឯកឧត្តម តែវដូរ៉ូ ឡក់ស៊ីន ជេអរ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន ដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន លើកទី៣ (3rd JCBC) នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញនៅថ្ងៃទី២៩ ខែវិច្ឆិកា។
ប្រភពដដែលបន្តថា កិច្ចប្រជុំ JCBC លើកទី៣នេះ មានគោលបំណងបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏ល្អដែលមានស្រាប់ ព្រមទាំងរិះរកមធ្យោបាយ ដើម្បីពង្រីកបន្ថែមទៀតនូវវិសាលភាព និងពង្រឹងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យនានា សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងវិបុលភាពនៃប្រជាជនទាំងពីរ។
កិច្ចប្រជុំនេះក៏នឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបាននៅក្នុងការអនុវត្តលើកំណត់ហេតុនៃកិច្ចប្រជុំ JCBC លើកទី២ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
កិច្ចប្រជុំនេះ ក៏នឹងផ្តល់ឱកាសដល់ភាគីទាំងពីរផ្លាស់ប្តូរយោបល់គ្នា លើកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។
ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម តែវដូរ៉ូ ឡក់ស៊ីន ជេអរ នឹងអញ្ជើញចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ហ្វីលីពីន លើកទី៣ ផងដែរ៕ ដោយ៖ គង់ ឌិន

