ជនស៊ីវិល ៤៥នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារមួយរបស់កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) លើតំបន់ Al-Malha មានចម្ងាយប្រហែល ២១០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង El Fasher ភាគខាងលិចប្រទេសស៊ូដង់។
ប្រភពពីគណៈកម្មាធិការសម្របសម្រួលនៃក្រុមតស៊ូ នៅទីក្រុង El Fasher បានប្រាប់សារព័ត៌មានស៊ីនហួ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖«កាលពីថ្ងៃសៅរ៍ ក្រុមយុទ្ធជននៃកងកម្លាំង RSF បានបន្តសកម្ម ភាពរបស់ពួកគេ នៅក្នុងទីផ្សារ និងសង្កាត់លំនៅឋាន (ក្នុងតំបន់ Al-Malha) ហើយការបាញ់កាំភ្លើងដោយមិនរើសមុខពីកងកម្លាំង RSF បានបណ្តាលឲ្យជនស៊ីវិល ៤៥នាក់ ស្លាប់។
ទន្ទឹមនឹងនេះ បណ្តាញវេជ្ជបណ្ឌិតស៊ូដង់ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា កងកម្លាំង RSF បានសម្លាប់មនុស្ស ៤៨ នាក់ មកពីតំបន់ Al-Malha ខណៈដែល ៦៣នាក់ផ្សេងទៀត បានរងរបួស ក្នុងអំឡុងពេលការវាយប្រហារ។
អង្គការនេះ បានព្រមានថា៖«ការសម្លាប់រង្គាលលើជនជាតិភាគតិច» ដែលធ្វើឡើងដោយកងកម្លាំង RSF ប្រឆាំងនឹងប្រជាជននៃទីក្រុង Darfur នឹងធ្វើឲ្យស្ថានការណ៍ក្នុងតំបន់ កាន់តែស្មុកស្មាញឡើង។