ភ្នំពេញ ៖ ជនសង្ស័យ ០៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីឲ្យតំណាងអយ្យការបើកការស៊ើបសួរ លើសំណុំរឿងពាក់ព័ន្ធបទល្មើស ដឹកជញ្ជូននឹងជួញដូរគ្រឿងញៀនចំនួនជិត ២៥គីឡូក្រាម។
សូមរំលឹកថា កាលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ២០និង៣០នាទី ដោយអនុវត្តតាមបទបញ្ជាឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០)ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោកវរសេនីយ៍ឯក យឹម សែនឧត្តម លោកវរសេនីយ៍ទោ ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ លោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ(ក១០) និងមានការចូលរួមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញាធរ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាប នៅ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀន ក្នុងនោះ៖
គោលដៅទី១ នៅចំណុចផ្លូវលេខ ១០៥ ជិតផ្សារបឹងត្របែក(ផ្លាស្សា) ស្ថិតក្នុងសង្កាត់បឹងត្របែង ខណ្ឌចំការមន និងគោលដៅទី២ ផ្ទះលេខ៩៩ ផ្លូវ១៤៦ ក្រុម៣ ភូមិ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងរង្វង់ប្រតិបត្តិការជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ រួមមានទី១-ឈ្មោះ តាំង លាក ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ។ ទី២-ឈ្មោះ GOH SEOW SIAN ភេទប្រុស កើតឆ្នាំ ១៩៥៣ ជនជាតិសិង្ហបុរី កាន់លិខិតឆ្លងដែនលេខ K0447332B និងទី៣-ឈ្មោះ លី ជាងហ្វុង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម។ និងដកហូតវត្ថុតាងរួមមាន អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ២៤Kg។ កេតាមីន(KETAMIN)ទម្ងន់សុទ្ធ ១១៨g។ កាទីណូន(4CEC) ទម្ងន់សុទ្ធ ១៧០ក្រាម។ សរុបសារធាតុញៀនទាំងអស់ ដែលរឹបអូសមានទម្ងន់សុទ្ធ ២៤គីឡូក្រាមសារធាតុផ្សំ ១គីឡូក្រាមជញ្ជីងថ្លឹង ៥គ្រឿង និងឧបករណ៍កែច្នៃមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ ព្រមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ច បញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ ប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី៕ អត្ថបទ៖ កុម្ភះ