អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ( WTO) លោកស្រី Ngozi Okonjo-Iweala បានព្រមានអំពីគ្រោះថ្នាក់នៃ «សង្គ្រាមពាណិជ្ជកម្មដែលមិនបង្កើតឲ្យមានផលរីកចម្រើន ខណៈដែលលោកស្រី បាន សរសេរយ៉ាងទូលំទូលាយអំពីចំនួនដែលសហរដ្ឋអាមេរិក ទទួលបានពីប្រព័ន្ធពាណិជ្ជកម្មពិភពលោក ជាពិសេសពាណិជ្ជកម្មលើសេវាកម្មនានា។
នាពេលថ្មីៗនេះ លោកស្រី Okonjo-Iweala បានសរសេរអត្ថបទមួយដែលមានចំណងជើងថា «America's Big Trade Win» ដែលក្នុងនោះលោកស្រី បាននិយាយថា សហរដ្ឋអាមេរិក គឺជា «អ្នកឈ្នះយ៉ាងច្បាស់» នៅក្នុងពាណិជ្ជកម្មសេវាកម្មសកល។ ទិន្នន័យគួរឲ្យទាក់ទាញចិត្តដែលប្រើប្រាស់ដោយប្រធាន WTO មានភាពផ្ទុយស្រឡះជាមួយនឹងការអះអាងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលថាប្រទេសផ្សេងទៀត បានទាញយកផលប្រយោជន៍ពីពាណិជ្ជកម្មសេវាកម្មនេះ នៅក្នុងពាណិជ្ជកម្មពិភពលោក ជាលេសមួយ ដែលទីក្រុងវ៉ាស៊ីនតោន បានប្រើដើម្បីដំឡើងពន្ធ និងវិធានការរឹតបន្តឹងផ្សេងទៀត លើដៃគូពាណិជ្ជកម្មរបស់ខ្លួន ទូទាំងពិភពលោក។
នៅក្នុងឆ្នាំ ២០២៣ ការនាំចេញសេវាកម្មរបស់សហរដ្ឋអាមេរិកមានតម្លៃជាង ១ ពាន់ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ១៣ %នៃចំនួនសរុបទូទាំងពិភពលោក។ យោងតាមអត្ថបទនេះបានឲ្យដឹងថា សហរដ្ឋអាមេរិក ដំណើរការអតិរេកពាណិជ្ជកម្មសេវាកម្ម ជាមួយប្រទេសសេដ្ឋកិច្ចសំខាន់ៗភាគច្រើន ជាមួយនឹងអតិរេកសរុបជិត ៣០០ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤។