អ្នកពន្លត់អគ្គិភ័យ ២នាក់ត្រូវបានគេរកឃើញថា បានស្លាប់ នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយពីរនាក់ បានបាត់ខ្លួន ខណៈដែលភ្លើងចំហេះព្រៃជាង ២០កន្លែង បានឆាបឆេះទូទាំងប្រទេស កាលពីថ្ងៃសៅរ៍ (ទី ២២ ខែមីនា) រួមទាំងអ្នកស្លាប់ម្នាក់ នៅភាគអាគ្នេយ៍នៃឧបទ្វីបកូរ៉េផងដែរ។
ប្រធានាធិបតីស្តីទី លោក Choi Sang-mok បានជំរុញឲ្យមានការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពន្លត់ភ្លើង មុនពេលថ្ងៃលិច ខណៈដែលភ្លើងឆេះព្រៃ បានរីករាលដាលយ៉ាងឆាប់រហ័ស ដោយសារខ្យល់បក់ខ្លាំង។
អ្នកពន្លត់អគ្គិភ័យដែលបានស្លាប់ទាំងនោះ កំពុងព្យាយាមពន្លត់ភ្លើង ពីតំបន់ភ្នំនៃតំបន់ Sancheong ក្នុងខេត្ត South Gyeongsang ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ (ថ្ងៃទី ២១ ខែមីនា) ហើយបានឆេះផ្ទៃដីទំហំ ២៧៥ហិកតា គិតត្រឹមរសៀលថ្ងៃសៅរ៍។ អ្នកស្រុកជាង ២០០នាក់ ត្រូវបានជម្លៀសចេញ។
រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសតំបន់នេះ ជាតំបន់គ្រោះមហន្តរាយ កាលពីល្ងាចថ្ងៃសៅរ៍។