ប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍ បានប្រកាសថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធនៅអាកាសយានដ្ឋានយោធាអ៊ុយក្រែន ឃ្លាំងរំសេវ និងកន្លែងប្រមូលផ្តុំបុគ្គលិក និងគ្រឿងយុទ្ធោបករណ៍ ក្នុង រយៈពេល ២៤ម៉ោង កន្លងទៅ ខណៈដែលភាគីអ៊ុយក្រែន បានរាយការណ៍ពីការវាយប្រហារលើទីបញ្ជាការយោធារុស្ស៊ី ក្នុងរយៈពេល ២៤ម៉ោង កន្លងទៅ ។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃសៅរ៍ កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែន MiG-29 និងយានដ្រូនជាង ១០០ គ្រឿង ខណៈពេលដែលស្ទាក់ចាប់គ្រាប់បែកទម្លាក់ពីលើអាកាស និងគ្រាប់រ៉ូកែតជាច្រើនរបស់អ៊ុយក្រែនផងដែរ។ ក្នុងពេលជាមួយគ្នានោះ កងកម្លាំងរុស្ស៊ី បានបន្តកំណត់គោលដៅទៅលើទីតាំងឈរជើងរបស់អ៊ុយក្រែន នៅតាមជួរមុខ ក្នុងតំបន់ឃើស(Kursk)។
នៅថ្ងៃដដែល អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយថា គិតត្រឹមរសៀលថ្ងៃសៅរ៍ កងកម្លាំងអ៊ុយក្រែន បានវាយបកទៅលើការវាយប្រហាររបស់រុស្ស៊ីជាច្រើន ក្នុងទិសដៅដូចជា តំបន់Kharkiv, Pokrovsk និង តំបន់ Kursk ។ សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា លើសពីនេះ កងកម្លាំងអាកាសអ៊ុយក្រែន បានវាយប្រហារដោយជោគជ័យទីបញ្ជាការមួយ ដែលមានទីតាំងនៅព្រំដែននៃតំបន់ Belgorod របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍។